ជប៉ុនដាក់ពង្រាយក្រុមអ្នកជួយសង្គ្រោះចំនួន ១១០,០០០នាក់ បន្ទាប់ពីព្យុះដ៏អាក្រក់បំផុតក្នុងទសវត្សបានវាយប្រហារប្រទេសនេះ
មនុស្សជាង ១០០,០០០នាក់ កំពុងចូលរួមក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ បន្ទាប់ពីព្យុះ Hagibis បានវាយប្រហារប្រទេសជប៉ុន កាលពីថ្ងៃសៅរ៍។ ព្យុះទីហ្វុងដែលជាព្យុះដ៏អាក្រក់បំផុតក្នុងទស្សវត្សរ៍ បានវាយប្រហារមកប្រទេសជប៉ុន និងបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣១នាក់ស្លាប់ និង ១៥នាក់ទៀតកំពុងបាត់ខ្លួន។ ព្យុះ Hagibis ក៏បានបណ្តាលឱ្យមានការលុបចោលការប្រកួតបាល់ឱបចំនួន ៣ប្រកួត ប៉ុន្តែការប្រកួតដ៏សំខាន់រវាងជប៉ុន និងស្កុតឡេននៅអាចប្រារព្ធបាន។

យ៉ាងណាមិញព្យុះទីហ្វុងបានចុះខ្សោយ និងចាកចេញពីជប៉ុនហើយ ប៉ុន្តែបានបន្សល់ទុកនូវការបំផ្លិចបំផ្លាញជាច្រើន។ ប្រជាជន ៩២,០០០គ្រួសារ នៅតែគ្មានអគ្គិសនីប្រើប្រាស់ ពោលគឺធ្លាក់ចុះពីចំនួន ២៦២,០០០គ្រួសារ កាលពីថ្ងៃអាទិត្យ ដោយ ១២០,០០០ ជួបប្រទះនឹងការដាច់ទឹក។ មនុស្សជាង ៧លាននាក់ ត្រូវបានគេជម្រុញឱ្យចាកចេញពីផ្ទះរបស់ពួកគេ ប៉ុន្តែមានតែ ៥០,០០០នាក់ប៉ុណ្ណោះ ដែលស្នាក់នៅក្នុងជម្រកបណ្ដោះអាសន្ន។ គួររំលឹកដែរថា កាលពីខែមុនព្យុះទីហ្វុង Faxai បានបង្កការបំផ្លិចបំផ្លាញដល់ផ្នែកខ្លះនៃប្រទេសជប៉ុន ដែលបានបំផ្លាញផ្ទះចំនួន ៣០,០០០ខ្នង ដែលភាគច្រើនមិនទាន់ត្រូវបានជួសជុលនៅឡើយផងទេ៕



អត្ថបទ៖ លីដា