ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទារិកាម្នាក់ត្រូវបានប្ដីប្រពន្ធមួយគូសង្គ្រោះចេញពីក្អម ដែលនាងត្រូវបានគេកប់ក្នុងដីទាំងរស់

    BY autoadmin October 16, 2019
    ទារិកាម្នាក់ត្រូវបានប្ដីប្រពន្ធមួយគូសង្គ្រោះចេញពីក្អម ដែលនាងត្រូវបានគេកប់ក្នុងដីទាំងរស់

    ប្ដីប្រពន្ធមួយគូបានទៅកន្លែងបញ្ចុះសពមួយនៅឯភាគខាងជើងប្រទេសឥណ្ឌា ដើម្បីធ្វើការបញ្ចុះសពកូនតូចរបស់ពួកគេដែលបានស្លាប់។ ប៉ុន្តែរឿងរ៉ាវវាគួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារអំឡុងពេលពួកគេកំពុងជីកដីដើម្បីធ្វើផ្នូរឱ្យកូនតូច ពួកគេបានប៉ះនឹងវត្ថុរឹងម៉្យាង ហើយមានទាំងសំឡេងក្មេងយំទៀតផង ដែលធ្វើឱ្យពួកគេគិតថា ច្បាស់ជាមាននរណាម្នាក់កប់ក្មេងទាំងរស់ជាមិនខាន។ ហើយទីបំផុតពួកគេក៏បានរកឃើញក្មេងទារិកាម្នាក់ ដែលត្រូវបាននរណាម្នាក់កប់ដាក់ចូលក្នុងក្អមពិតមែន។

    យ៉ោងតាមមន្ដ្រីប៉ូលីសនៅរដ្ឋ Uttar Pradesh បានឱ្យដឹងថា ទារិកាមានអាយុទើបតែ ៣ ទៅ ៤ថ្ងៃប៉ុណ្ណោះ ហើយពេលនេះពួកគេក៏បានបញ្ជូននាងតូចទៅកាន់មន្ទីពេទ្យដើម្បីសង្គ្រោះ។ តាមខាងមន្ទីរពេទ្យដែលព្យាបាលនាងតូចនិយាយថា ពេលនេះនាងតូចមានបញ្ហាផ្លូវដង្ហើម ដែលតម្រូវឱ្យនាងតូចត្រូវដាក់បំពង់ខ្យល់ (ventilator) ហើយនាងតូចក៏មានបញ្ហារលាក ថែមទាំងខ្វះទម្ងន់ទៀតផង។

    ក្រុមមន្ដ្រីប៉ូលីសក៏កំពុងស្វែងរកគ្រួសាររបស់នាងតូចដែរ ប៉ុន្តែគ្មានសង្ឃឹមនោះទេ។ ម៉្យាងប្រទេសឥណ្ឌាគឺល្បីរឿង “អតុល្យភាពភេទ” ដែលជាមូលហេតុនាំឱ្យប្រទេសនេះ ចង់បានកូនប្រុសច្រើនជាង។ ប្រសិនបើពួកគេមានកូនស្រីពួកគេនឹងរំលូតចោល ហើយបើកើតមកក៏ត្រូវប្រឈមនឹងការបោះចោល ឬសម្លាប់ចោលផងដែរ ដោយសារវាជារឿងទូទៅបំផុត។ ប៉ុន្តែយ៉ាងណាក៏ដោយប៉ូលីសនឹងបន្ដស្វែងរកគ្រួសារ ឬជនដៃដល់ដែលបានធ្វើរឿងបែបនេះមកដាក់ទោស។ ចំណែកនាងតូចកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយមិនទាន់មាននរណាយកនាងទៅចិញ្ចឹមនោះទេ៕

    អត្ថបទ៖ លីដា

    Share This Post: