លោក គីម ជុងអ៊ុន ជិះសេះសឡើងភ្នំពិសិដ្ឋ Paektu ដែលនេះជាសញ្ញាថាគាត់នឹងប្រកាសរឿងសំខាន់អ្វីមួយ
រូបថតជាច្រើនសន្លឹកដែលត្រូវបានចេញផ្សាយដោយ KCNA បង្ហាញថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានជិះសេះសនៅលើភ្នំ Paektu ដែលគ្របពោរពេញដោយព្រិល។ នេះមិនមែនជាលើកទីមួយទេដែលគាត់បានជិះឡើងដល់កំពូលភ្នំ ដែលមានកម្ពស់ ២,៧៥០ម៉ែត្រ ហើយអ្នកវិភាគខ្លះនិយាយថា លោក គីម ច្រើនតែជិះសេះឡើងភ្នំបែបនេះមុនការប្រកាសរឿងសំខាន់ៗ។ ភ្នំនេះជាកន្លែងពិសេសដែលដក់ជាប់ក្នុងចិត្តរបស់ប្រជាជន ហើយវាក៏ជាកន្លែងកំណើតរបស់ឪពុកលោកផងដែរ។

របាយការណ៍ KCNA ចេញផ្សាយនៅថ្ងៃពុធនេះបាននិយាយថា គាត់ជិះនៅលើខ្នងសេះឡើងលើភ្នំ Paektu គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលមានសារៈសំខាន់ក្នុងប្រវត្តិសាស្ត្រនៃបដិវត្តកូរ៉េ។ ដោយអង្គុយលើខ្នងសេះនៅលើកំពូលភ្នំ គាត់បានផ្ដោតអារម្មណ៍ជ្រាលជ្រៅអំពីផ្លូវនៃការតស៊ូ ដែលគាត់បានតស៊ូដើម្បីបុព្វហេតុដ៏អស្ចារ្យនៃការកសាងប្រទេស ដែលមានឥទ្ធិពលបំផុតដោយមានជំនឿ និងឆន្ទៈមុតមាំដូចជាភ្នំ Paektu។
យ៉ាងណាមិញគ្មាននរណាដឹងថា គាត់ហ្នឹងប្រកាសរឿងអ្វីនោះទេ ប៉ុន្តែក្នុងឆ្នាំ២០១៧ គាត់បានមកភ្នំនេះពីរបីសប្តាហ៍មុនថ្លែងសុន្ទរកថាចូលឆ្នាំថ្មី ហើយទីនេះក៏ជាកន្លែងដែលគាត់បានបង្ហើបអំពីការខកខានការទូតជាមួយប្រទេសកូរ៉េខាងត្បូង។ ចំណែកកាលពីឆ្នាំ២០១៣ គាត់ក៏បានមកទីនេះដែរ មុនការប្រហារជីវិតពូបង្កើតដ៏មានឥទ្ធិពលរបស់គាត់៕



អត្ថបទ៖ លីដា