ខ្យល់ពុលបានបណ្ដាលឱ្យមនុស្សជាង ៤០០,០០០នាក់ នៅអឺរុប ស្លាប់មុនអាយុ
គុណភាពខ្យល់កំពុងតែមានការកែលម្អនៅអឺរ៉ុប ប៉ុន្តែការបំពុលបរិយាកាសនៅតែបន្តប៉ះពាល់ដល់សុខភាពប្រជាជន និងសេដ្ឋកិច្ចរបស់ទ្វីបមួយនេះ។ យោងតាមរបាយការណ៍ថ្មីមួយរបស់ទីភ្នាក់ងារបរិស្ថានអឺរ៉ុប (EEA) បានឱ្យដឹងថា កាលពីឆ្នាំ២០១៦ ខ្យល់ពុលបាននាំឱ្យមនុស្សចំនួន ៤០០,០០០នាក់ ស្លាប់មុនអាយុនៅទូទាំងអឺរ៉ុប។ របាយការណ៍នោះគឺផ្អែកលើទិន្នន័យដែលប្រមូលបានក្នុងឆ្នាំ២០១៧ ពីស្ថានីយ៍ជាង ៤,០០០កន្លែង នៅទូទាំងទ្វីបអឺរ៉ុប ដែលបានបង្ហាញថា មនុស្សភាគច្រើនបានប៉ះពាល់នឹងខ្យល់បំពុលលើសកម្រិត ដែលកំណត់ដោយអង្គការសុខភាពពិភពលោក (WHO)។

នៅតាមទីប្រជុំជន និងទីក្រុងនានា ការបំពុលដែលបង្កគ្រោះថ្នាក់បំផុតរួមមានភាគល្អិតៗ ឧស្ម័នអាស៊ូតអ៊ុកស៊ីត និងអូហ្សូន។ ទីភ្នាក់ងារនេះបានកត់សម្គាល់ថា គិតត្រឹមតែភាគល្អិតតូចៗតែមួយមុខ បានបង្កការស្លាប់មុនអាយុចំនួន ៤១២,០០០នាក់ ពី ៤១ ប្រទេសមកពីអ៊ឺរ៉ុប ហើយក្នុងនោះមាន ៣៧៤,០០០នាក់ នៅសហភាពអឺរ៉ុប។ ការបំពុលក៏ធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ចផងដែរ តាមរយៈការបង្កើនការចំណាយលើការថែទាំសុខភាព និងផលិតភាពទាប។
សមាជិកសហភាពអ៊ឺរ៉ុប ដែលមានកម្រិតភាគល្អិតច្រើនបំផុតគឺប្រទេសអ៊ីតាលី ប៉ូឡូញ និងបណ្តាប្រទេសតំបន់បាល់កង់ ហើយប៊ែលហ្សិកក៏មិនល្អជាងគ្នាណាស់ណាដែរ ដោយទីប្រជុំជនធំៗដូចជា ព្រុចស៊ែល និង Antwerp ត្រូវបានគេកំណត់ថា ជាកន្លែងដែលខ្យល់ពុលច្រើនបំផុត។ ប៉ុន្តែយ៉ាងណាយោងតាម EEA ចំនួននៃការស្លាប់ពីការប៉ះពាល់ទៅនឹងភាគល្អិត ថយចុះបានកន្លះលានបើប្រៀបធៀបទៅនឹងទសវត្សរ៍ឆ្នាំ១៩៩០។ គួរឱ្យដឹងដែរថា ភាគល្អិតដែលបង្កឱ្យមានការស្លាប់មុនអាយុ គឺដោយសារវាជាដើមហេតុនៃជំងឺសួត ឬមហារីសួត ហើយភាគច្រើនកើតលើស្ត្រី ចាស់ជរា និងកុមារ៕


អត្ថបទ៖ លីដា