ការដង្ហែក្បួនដើម្បីអបអរសាទរការឡើងគ្រងរាជ្យផ្លូវការរបស់អធិរាជជប៉ុន ត្រូវពន្យារពេលដល់ខែវិច្ឆិកា
ប្រព័ន្ធផ្សព្វផ្សាយជាតិ NHK បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការដង្ហែក្បួនដើម្បីអបអរសាទរការឡើងគ្រងរាជ្យផ្លូវការរបស់អធិរាជជប៉ុន ណារុហ៊ីតូ នឹងត្រូវបានពន្យារពេលទៅថ្ងៃទី១០ ខែវិច្ឆិកា ខណៈដែលរដ្ឋាភិបាលកំពុងទប់ទល់នឹងព្យុះទីហ្វុង Hagibis ។ Hagibis បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧៧នាក់ ចាប់ពីចុងសប្ដាហ៍មុន ដែលព្យុះនេះបានបោកបក់ពេញប្រទេសជប៉ុន នាំយកជាមួយនឹងភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង បណ្តាលឱ្យបាក់ដី និងទឹកជំនន់ បាក់ច្រាំង និងទំនប់ជាដើម។ មនុស្ស ១០នាក់ កំពុងបាត់ខ្លួននៅឡើយ និង ៣៤៦នាក់ បានរងរបួស។

ព្រះចៅអធិរាជ ណារុហ៊ីតូ (Naruhito) គ្រោងនឹងប្រកាសគ្រងរាជ្យជាផ្លូវការក្នុងពិធីតាមប្រពៃណីរាប់សតវត្សរ៍របស់ជប៉ុន ដែលចូលរួមដោយមនុស្សប្រមាណ ២,៥០០នាក់ រួមទាំងប្រមុខរដ្ឋ និងឥស្សរជនដទៃទៀតមកពីជិត ២០០ ប្រទេស។ ព្រះចៅអធិរាជដែលមានព្រះជន្ម ៥៩វស្សា ទ្រង់បានទទួលរាជ្យសម្បត្តក្នុងខែឧសភា បន្ទាប់ពីព្រះបិតារបស់ព្រះអង្គ អាគីហ៊ីតូ (Akihito) បានដាក់រាជ្យ ហើយទ្រង់ អាគីហ៊ីតូ ក៏បានក្លាយជាព្រះមហាក្សត្រដំបូងគេ (ក្នុងរយៈពេលពីរសតវត្សរ៍) ដែលបានដាក់រាជ្យឱ្យទៅព្រះរាជបុត្រ៕

អត្ថបទ៖ លីដា