ទឹកចិត្តឪពុក! កូនស្រីជ្រុះសក់អស់ព្រោះតែមានជម្ងឺមហារីក បុរសជាឪពុកក៏កោរសក់ខ្លួនឯង ដើម្បីលើកទឹកចិត្តដល់កូន
អ្នកមានគុណរបស់យើង តែងតែជាអ្នកគាំទ្រដែលនៅពីក្រោយយើងជានិច្ច មិនថានៅក្នុងហេតុផលណាក៏ដោយ ពួកគាត់មិនដែលចោលពួកយើងនោះទេ។ យ៉ាងណាមិញថ្មីៗនេះមានការភ្ញាក់ផ្អើលរំជួលចិត្តមួយ ដែលបង្ហាញពីលោកឪពុកម្នាក់សុខចិត្តកោរសក់ខ្លួនឯងឱ្យដូចជាកូនស្រីខ្លួន ដោយសារនាងមានជំងឺមហារីក។ ដោយចិត្តអាណិតស្រឡាញ់ចង់ផ្ដល់កម្លាំងចិត្តឱ្យកូន ខណៈដែលនាងប្រឈមនឹងការជ្រុះសក់អស់ពីក្បាល លោកបានបញ្ជាក់ថា៖ “ខ្ញុំចង់ឱ្យមើលទៅដូចជាកូនខ្ញុំ” ។

យោងតាមបទសម្ភាសន៍ពីគេហទំព័រ MyMetro បានឱ្យដឹងថា លោកឪពុកម្នាក់នោះឈ្មោះ Jeffri Senin អាយុ ៣៩ឆ្នាំ ដែលកូនស្រីរបស់គាត់ឈ្មោះ Rayanna គឺកំពុងមានជំងឺមហារីកឆ្អឹង។ វាចាប់ផ្ដើមនៅពេលកូនស្រីរបស់គាត់ចាប់ផ្ដើមជ្រុះសក់ខ្លាំង ដោយសារឥទ្ធិពលនៃជំងឺកាចសាហាវនេះ។ នាងតូចចាប់ផ្ដើមអស់សក់ពីក្បាល ដូច្នេះហើយលោក Jeffri ក៏សម្រេចចិត្តកោរសក់ឱ្យត្រងោលដូចកូនស្រី។ លោកបានបញ្ជាកថា នេះជាវីធីដែលអាចឱ្យកូនគាត់មិនឯកា រឹងមាំ ហើយវាគឺជាអ្វីដែលគាត់គួរធ្វើក្នុងនាមជាឪពុក។
លោកបាននិយាយថា៖ “ខ្ញុំសុខចិត្តត្រងោល ពីព្រោះវាជាអ្វីដែលអាចលួងលោមចិត្ត Rayyana ដែលកំពុងប្រឈមនឹងការជ្រុះសក់ ដោយសារតែការព្យាបាលគីមីកន្លងមកនេះ”។ គាត់ធ្វើបែបនេះគឺចង់បញ្ជាក់ថា ការផ្លាសប្ដូរខាងក្រៅមិនមែនមានន័យថា កូនគាត់ទន់ជ្រាយនោះទេ ព្រោះវាគឺជារឿងធម្មតារបស់មនុស្ស។ គួរឱ្យដឹងដែរថា កូនរបស់គាត់មានមហារីកតាំងពីឆ្នាំ២០១៨ ហើយឆ្នាំនេះនាងទទួលការព្យាបាលគីមីសរុប ១៤ដង មកហើយ៕


អត្ថបទ៖ លីដា