ទីបំផុតរដ្ឋាភិបាលក្រុងហុងកុងអនុវត្តតាមសន្យា ដោយលុបចោលសេចក្ដីព្រាងច្បាប់ធ្វើបត្យាប័នទៅចិនដីគោក
រដ្ឋាភិបាលហុងកុងបានអនុវត្តតាមការសន្យា ដើម្បីលុបចោលវិក័យប័ត្របត្យាប័នដ៏ចម្រូងចម្រាស។ ប៉ុន្តែគេមិនទាន់ដឹងច្បាស់ថា តើរឿងនេះនឹងបញ្ឈប់ការតវ៉ាដែលកំពុងកើតមាន ដែលបានធ្វើឱ្យហុងកុងក្រឡាប់ចាក់ ឬយ៉ាងណា។ លេខាធិការសន្តិសុខហុងកុងលោក John Lee Ka-chiu បានមានប្រសាសន៍ថា៖ “ខ្ញុំប្រកាសជាផ្លូវការនូវការដកច្បាប់នេះយោងទៅតាមច្បាប់របស់ក្រុមប្រឹក្សានីតិកម្មលេខ ៦៤” ដែលក្រុមប្រឹក្សានីតិកម្មបានបញ្ចប់ដំណើរការនៅរសៀលថ្ងៃពុធ។

បញ្ជាក់ឡើងវិញដែរថា ច្បាប់ធ្វើបត្យាប័ននេះគឺនឹងអនុញ្ញាឱ្យចិនគោកជាអ្នកកាត់ក្ដីលើជនសង្ស័យហុងកុង ដែលការសម្រេចនេះបានធ្វើឱ្យទីក្រុងហុងកុងធ្លាក់ចូលក្នុងភាពវឹកវរ នឹងមានការប្រឆាំងតវ៉ាពីក្រុមបាតុកររាប់ខែ។ ការពិតទៅការដកចេញនេះត្រូវបានគេរំពឹងថា នឹងកើតឡើងតាំងពីសប្តាហ៍មុនមកម៉្លេះ នៅពេលដែលអង្គនីតិបញ្ញត្តិបានធ្វើការផ្សះផ្សាឡើងវិញ ប៉ុន្តែសមាជិកសភាដែលគាំទ្រលទ្ធិប្រជាធិបតេយ្យបានបង្អាក់ដំណើរការនីតិវិធីនេះ៕



អត្ថបទ៖ លីដា