ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុនឱសថអាមេរិកមួយអះអាងថា ពួកគេរកឃើញថ្នាំដែលអាចពន្យាពេលជំងឺវង្វេងវង្វាន់ ឬ Alzheimer

    BY autoadmin October 24, 2019
    ក្រុមហ៊ុនឱសថអាមេរិកមួយអះអាងថា ពួកគេរកឃើញថ្នាំដែលអាចពន្យាពេលជំងឺវង្វេងវង្វាន់ ឬ Alzheimer

    បើយោងតាម BBC បានឱ្យដឹងថា ថ្មីៗនេះមានក្រុមហ៊ុនអាមេរិកឈ្មោះថា Biogen បានបង្កើតនូវឱសថម៉្យាង ដែលមានសមត្ថភាពក្នុងការពន្យាជំងឺវង្វេងវង្វាន់ (Alzheimer) ហើយពួកគេក៏បានអះអាងដែរថា មិនទាន់មានឱសថណាមានសមត្ថភាពដូចឱសថរបស់ពួកគេនោះទេ ហើយបើអាចគឺអាចបានត្រឹមតែជួយរោគសញ្ញាតិចតួចប៉ុណ្ណោះ។ ឱសថនោះមានឈ្មោះថា “aducanumab” ហើយក្រុមហ៊ុន Biogen ក៏កំពុងសម្លឹងរកមើលការអនុម័តបទប្បញ្ញត្តិនៅសហរដ្ឋអាមេរិកលើ “របកគំហើញថ្មី” ហើយបើទទួលបានសិទ្ធិពួកគេនឹងចាប់ផ្ដើមការផលិតនៅ ឆ្នាំ២០២០ ។

    ដំណើរការអនុម័តអាចចំណាយពេលមួយ ឬពីរឆ្នាំ។ ប្រសិនបើទទួលបានជោគជ័យ ក្រុមហ៊ុនមានគោលបំណងផ្តល់ថ្នាំដំបូងដល់អ្នកជំងឺ ដែលបានចុះឈ្មោះក្នុងការសិក្សាគ្លីនិកនៃថ្នាំនេះ។ ប៉ុន្តែយ៉ាងណាក៏ដោយការអះអាងរបស់ពួកគេហាក់ផ្ដល់ការភ្ញាក់ផ្អើលមែនទែន ដោយសារកាលពីខែមីនា ដើមឆ្នាំនេះ ពួកគេបានសម្រេចចិត្តឈប់ផលិតថ្នាំនេះតទៅទៀត ព្រោះថាពួកគេមានបញ្ហាលទ្ធផលធ្វើតេស្តថ្នាំមិនគាប់បំណង។ ប៉ុន្តែការរកឃើញថ្មី បានធ្វើឱ្យពួកគេខិតខំប្រឹងប្រែងបន្ថែមទៀត។ ក្រុមហ៊ុន Biogen បាននិយាយថា សំណុំទិន្នន័យនៃការសិក្សាចាស់ដែលធ្វើតេស្ដលើមនុស្ស ៣,០០០នាក់ នោះបង្ហាញថា កម្រិតខ្ពស់នៃ aducanumab មានលទ្ធភាពអាចផ្តល់នូវអត្ថប្រយោជន៍ដ៏សំខាន់ដល់អ្នកជំងឺវង្វេងវង្វាន់។

    ឱសថ aducanumab វាបានពន្យាជំងឺនេះ ដូចច្នេះអ្នកជំងឺអាចរក្សាការចងចាំ និងជំនាញរស់នៅប្រចាំថ្ងៃរបស់ពួកគេកាន់តែប្រសើរ។ Aducanumab នឹងចាប់ប្រូតេអ៊ីនមួយប្រភេទ ដែលគេហៅថាអាមីឡូដ (amyloid) ជាប្រូតេអ៊ីនពុលដែលបណ្តាលឱ្យបន្ទះ (plaques) កកើតនៅក្នុងខួរក្បាល។ អ្នកវិទ្យាសាស្ត្រគិតថា វាទាំងនេះមានជាតិពុលដល់កោសិកាខួរក្បាល ហើយថាការបោសសម្អាតពួកវាដោយប្រើថ្នាំអាចជាការឈានមុខគេយ៉ាងខ្លាំងក្នុងការព្យាបាលជំងឺវង្វេងវង្វាន់ ទោះបីជាវាមិនមែនជាការព្យាបាលជាក់លាក់ក៏ដោយ។ យ៉ាងណាមិញលទ្ធផលពេញលេញនៅមិនទាន់បានបញ្ចេញនៅឡើយទេ មានតែត្រូវរង់ចាំឱ្យក្រុមអ្នកស្រាវជ្រាវសិក្សាអំពីវាបន្ថែមទៀត៕

    អត្ថបទ៖ លីដា

    Share This Post: