តិចច្រឡំថាខ្លាឃ្មុំផេនដា! ហាងកាហ្វេមួយនេះមានបម្រើសេវាកម្មលាបពណ៌រោមឆ្កែឱ្យដូចជាផេនដា ជាលទ្ធផលបានត្រឹមបង្កឱ្យមានកំហឹងពីអ្នកស្រឡាញ់សត្វ
ចិន៖ ហាងកាហ្វេមួយនៅក្រុងឆេនឌូ នៃខេត្តស៊ីឈួន បានប្តេជ្ញាបញ្ឈប់ការលាបពណ៌សត្វឆ្កែឱ្យមើលទៅដូចជាខ្លាឃ្មុំផេនដា បន្ទាប់ពីមានការផ្ទុះកំហឹងតាមអ៊ិនធឺណេតកន្លងមក។ វីដេអូនៃហាងកាហ្វេ ដែលមានឈ្មោះថា “Cute Pet Games” (ហ្គេមសត្វចិញ្ចឹម) ត្រូវបានបង្ហោះនៅលើបណ្ដាញសារព័ត៌មាន និងបណ្ដាញសង្គមជាច្រើន ដែលបង្ហាញឱ្យឃើញឆ្កែពូជ chow chow ត្រូវបានគេយកមកហាយឡាយពណ៌ដូចជាខ្លាឃ្មុំផេនដា។ វាមើលទៅគួរឱ្យស្រឡាញពិតមែន ប៉ុន្តែវាជាការរំលោភសិទ្ធិរបស់សត្វ ហើយអាចមានផលប៉ះពាល់ចំពោះសត្វទៀតផង។

ម្ចាស់ហាងកាហ្វេដែលមានឈ្មោះថា Huang បានពន្យល់ពីរបៀបដែលហាងរបស់គាត់ ផ្តល់នូវថ្នាំលាបពណ៌ឱ្យសត្វចិញ្ចឹមរបស់អតិថិជន ដើម្បីមើលទៅដូចខ្លាឃ្មុំផេនដាក្នុងតម្លៃ ១៥០០យ័ន (២១០ដុល្លារ) ។ លោក Huang បញ្ជាក់ថាថ្នាំត្រូវបាននាំចូលពីប្រទេសជប៉ុន ហើយនឹងមិនបង្កគ្រោះថ្នាក់ដល់សត្វឡើយ។ ប៉ុន្តែយ៉ាងណាក៏ដោយអ្នកលេងអ៊ីនធឺណេតចិននៅតែមិនជឿលើការអះអាងរបស់គាត់ ព្រោះពួកគេគិតថាវាមានផលប៉ះពាល់ដល់សត្វដែលយើងខំស្រឡាញ់ថ្នាក់ថ្នម។ ជាការឆ្លើយតបនឹងប្រតិកម្មនេះ “Cute Pet Games” បានប្រកាសនៅលើគណនី Weibo ផ្លូវការរបស់ខ្លួនកាលពីថ្ងៃអង្គារថា ខ្លួននឹងបញ្ឈប់សេវាកម្មលាបពណ៌របស់ខ្លួននេះ ហើយចាប់តាំងពីពេលនោះមកគណនីនេះបានលុបរាល់បង្ហោះទាំងអស់៕



អត្ថបទ៖ លីដា