រដ្ឋមន្រ្តីជប៉ុនម្នាក់លាឈប់ពីតំណែងវិញភ្លាម បន្ទាប់ពីផ្តល់ជាត្រសក់ស្រូវ និងលុយអំណោយដល់អ្នកគាំទ្រ
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថ្មីរបស់ជប៉ុនបានលាលែងពីតំណែងភ្លាមៗ បន្ទាប់ពីរងការចោទប្រកាន់ថាបានរំលោភច្បាប់បោះឆ្នោត។ សេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ BBC បាននិយាយថា លោក Isshu Sugawara បានផ្តល់ត្រសក់ស្រូវ ក្រូច ពងត្រី និងទឹកដោះឃ្មុំ (royal jelly) ។ គាត់ក៏ត្រូវបានគេនិយាយថា បានផ្តល់ប្រាក់ចំនួន ២០,០០០យ៉េន (១៨៥ដុល្លារអាមេរិក) ដល់ក្រុមគ្រួសារអ្នកគាំទ្រផងដែរ។ ប៉ុន្តែទោះបីទឹកចិត្តគាត់ល្អយ៉ាងណា ច្បាប់របស់ជប៉ុនហាមឃាត់ដាច់ខាតមិនឱ្យអ្នកនយោបាយ ផ្ញើអំណោយទៅម្ចាស់សន្លឹកឆ្នោតនៅក្នុងមណ្ឌលបោះឆ្នោតរបស់ពួកគេនោះទេ។

ការចោទប្រកាន់នេះបានលេចចេញជាលើកដំបូងនៅក្នុងទស្សនាវដ្តីប្រចាំសប្តាហ៍ Shukan Bunshun ដែលបាននិយាយថា លេខារបស់លោក Sugawara បានផ្តល់ប្រាក់ចំនួន ២០,០០០យ៉េន ដល់ក្រុមគ្រួសារនៃអ្នកដែលបានស្លាប់។ វាជាទម្លាប់នៅក្នុងប្រទេសជប៉ុនក្នុងការផ្តល់ប្រាក់ជាការចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារដែលមានទុក្ខព្រួយ ដែលត្រូវបានគេស្គាល់ថាជា “លុយធូប” ។ ទស្សនាវដ្តីនេះក៏បានបោះពុម្ពបញ្ជីនៃអំណោយដែលត្រូវបានផ្ញើដោយការិយាល័យរបស់គាត់រួមមានទាំងពងត្រី និងក្រូច ក៏ដូចជាលិខិតថ្លែងអំណរគុណ ដែលគាត់ (Sugawara) បានទទួលត្រឡប់ពីអ្នកដែលទទួលយកអំណោយរបស់គាត់៕

អត្ថបទ៖ លីដា