ថៃ បន្ថែមពន្ធលើម៉ូតូធំដែលមានការបំភាយឧស្ម័នកាបូនិកខ្ពស់ រហូតដល់១០០,០០០បាត
នាយកដ្ឋានរដ្ឋាករថៃត្រៀមបង្កើនពន្ធលើម៉ូតូធំ ១០ម៉ឺនបាត (ប្រមាណជាជាង៣ពាន់ដុល្លារអាមេរិក) ដែលចាប់ផ្តើមនៅដើមឆ្នាំក្រោយ ដោយពន្ធថ្មីនឹងដាក់លើម៉ូតូធំមានការបំភាយឧស្ម័ន CO2 ។ ប្រធានការិយាល័យផែនការពន្ធនៃការិយាល័យលោក Nutthakorn Utensute មានប្រសាសន៍ថា គណៈរដ្ឋមន្រ្តីនឹងធ្វើការកែសម្រួលការដំឡើងពន្ធសម្រាប់ម៉ូតូដែលមានថាមពលខ្ពស់ ដោយផ្អែកលើការបំភាយឧស្ម័នកាបូនិករបស់ពួកគេ ជាជាងទំហំម៉ាស៊ីនដូចដែលបានស្នើដំបូងពីពន្ធលើម៉ូតូដែលមានថាមពលខ្ពស់។ ពន្ធថ្មីអាចមានចាប់ពី ៣, ៥, ៩ ឬ ១៨% នៃតម្លៃម៉ូតូ និងប្រែប្រួលទៅតាមការបំភាយឧស្ម័នកាបូនិច។

ការតម្លើងពន្ធនឹងត្រូវអនុវត្តចំពោះម៉ូតូដែលបានផលិត ឬនាំចូល ហើយនឹងអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០។ ម៉ូតូដែលមានម៉ាស៊ីន ១៥០សេសេ ឬតិចជាងនេះប្រហែលជា ៩០% នៃម៉ូតូទាំងអស់នៅក្នុងប្រទេសនឹងមានពន្ធបន្ថែមប្រហែល ១,០០០បាត ដែលតំណាងឱ្យការកើនឡើងពី ២-៥ ទៅ ៣% នៃតម្លៃលក់រាយ ឬនាំចូល។ ប៉ុន្តែ “ម៉ូតូធំ” ដែលមានម៉ាស៊ីន ១០០០ សេសេ ឬច្រើនជាងនេះនឹងត្រូវបានគិតពន្ធបន្ថែម ១០០,០០០បាត ដោយសារតែការប្រើប្រាស់ប្រេង និងការបញ្ចេញឧស្ម័នកាបូនិកកាន់តែខ្ពស់។ ប្រសិនបើក្រុមហ៊ុនផលិតមិនបានកាត់បន្ថយការបំភាយឧស្ម័នកាបូនិករបស់ខ្លួនទេនោះ នាយកដ្ឋានផែនការពន្ធនឹងបន្ថែមពន្ធលើអ្នកទិញរហូតដល់ ៧០០លានបាតក្នុងមួយឆ្នាំ៕

អត្ថបទ៖ លីដា