ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ១០ យ៉ាងដែលឪពុកម្តាយគួរបណ្ដោយឱ្យកូនៗធ្វើដោយខ្លួនឯង ដើម្បីចិញ្ចឹមពួកគេធំឡើងដោយភាពភាពចាស់ទុំ

    BY autoadmin October 28, 2019
    ១០ យ៉ាងដែលឪពុកម្តាយគួរបណ្ដោយឱ្យកូនៗធ្វើដោយខ្លួនឯង ដើម្បីចិញ្ចឹមពួកគេធំឡើងដោយភាពភាពចាស់ទុំ

    ១. ជួយកូនអ្នកឱ្យចេះអភិវឌ្ឍពីវិធីខ្លួនទីពឹងខ្លួន

    យកល្អកុំទុកដាក់គ្រប់យ៉ាងឱ្យកូនរបស់អ្នកអី។ ពួកគេត្រូវរៀនស្លៀកពាក់ខ្លួនឯង ចងខ្សែស្បែកជើងខ្លួនឯង និងរៀបកាបូបស្ពាយទៅសាលារៀនដោយខ្លួនឯង។ ជាការពិតអ្នកអាចធ្វើវាបានលឿន និងជំនាញជាងពួកគេ ប៉ុន្តែអ្នកគួរតែអត់ធ្មត់ ហើយរង់ចាំកូនរបស់អ្នកគិតដោយខ្លួនឯង។ អ្នកប្រហែលជាមិននៅទីនេះដើម្បីជួយពួកគេជានិច្ចនោះទេ ហើយពួកគេគួរតែដឹងថាពួកគេអាចពឹងផ្អែកលើខ្លួនឯងបាន។

    ២. ផ្តល់ឱកាសឱ្យកូនអ្នកជ្រើសរើសអ្វីៗដោយខ្លួនឯង

    អនុញ្ញាតឱ្យកូនរបស់អ្នករៀនធ្វើការជ្រើសរើស។ អ្នកមិនគួរជ្រើសរើសសម្លៀកបំពាក់ ប្រដាប់ប្រដាក្មេងលេង និងចំណូលចិត្តសម្រាប់ពួកគេ ឬសម្រេចចិត្តថាតើពួកគេចូលចិត្ត និងអ្វីដែលពួកគេមិនចូលចិត្ត។ អ្នកអាចជួយផ្តល់ដំបូន្មាន និងពិភាក្សាពីជម្រើសរបស់ពួកគេជាមួយពួកគេ។ ប៉ុន្តែអ្នកមិនអាចគិតថា អ្នកដឹងច្បាស់ជាងពួកគេនោះទេ នៅពេលនិយាយអំពីអ្វីដែលពួកគេចង់បាន។ ពួកគេដឹងពីរឿងនេះដោយខ្លួនឯង អ្នកគ្រាន់តែត្រូវការផ្តល់ឱ្យពួកគេនូវឱកាស ដើម្បីទទួលបានអ្វីដែលពួកគេចង់បាន។

    ៣. បង្រៀនឱ្យកូនរបស់អ្នកចេះធ្វើអ្វីតែម្នាក់ឯង

    អ្នកមិនចាំបាច់ដើរតាមកូនៗរបស់អ្នកគ្រប់ទីកន្លែងទេ។ នៅពេលពួកគេកាន់តែធំពួកគេអាចទៅសាលារៀន ឬជិះឡានសាលាតែម្នាក់ឯងបាន។ ជាការពិតណាស់ប្រសិនបើអ្នកជូនពួកគេដោយខ្លួនឯង អ្នកនឹងមានអារម្មណ៍ស្ងប់ ហើយអ្នកអាចប្រាកដថាកូនពិតជាបានទៅដល់គោលដៅរបស់ពួកគេ។ ប៉ុន្តែនៅពេលអាយុរបស់ពួកគេកាន់តែចេះគិត ក្មេងវានឹងដឹងអំពីច្បាប់សុវត្ថិភាព និងយល់ពីរបៀបប្រព្រឹត្ដនៅតាមផ្លូវដោយខ្លួន​ឯង។ លើសពីនេះទៀតប្រសិនបើពួកគេនៅក្នុងក្រុមមិត្តភក្តិ សូមឱ្យពួកគេទៅជាមួយគ្នាចុះ ហើយឱ្យពួកគេពិភាក្សាអំពីកិច្ចការផ្ទះ និងប្រដាប់ប្រដាក្មេងលេងថ្មីនៅតាមផ្លូវតាមចិត្តពួកគេ។

    ៤. បង្រៀនកូនឱ្យចេះគ្រប់គ្រងខ្លួនឯង

    ជាការពិតកុមារឆាប់រំជួលចិត្តខ្លាំងណាស់។ ពួកគេអាចនឹងនៅសុខៗក៏សប្បាយចិត្ត ឬហើយពេលខ្លះក៏យំយ៉ាងខ្លាំង ដែលយើងតែងតែឮនៅគ្រប់កន្លែងតាមដងផ្លូវ។ នៅពេលដែលពួកគេរីករាយយើងក៏សប្បាយចិត្ត ប៉ុន្តែមានពេលខ្លះពួកគេអាចនឹងខឹងអ្វីមួយនឹងជះកំហឹងស្រែកខ្លាំងៗ ប៉ុន្តែម្ដាយឪពុកគួរតែបង្រៀនឱ្យពួកគេចេះស្ងប់អារម្មណ៍។ ពួកគេគួរចេះមានហេតុផល បើមិនដូច្នេះទេពួកគេនឹងប្រើវិធីនេះគ្រប់ពេលដែលពួកគេចង់បានអ្វីមួយ។

    ៥. បង្រៀនកូនឱ្យចេះលត់ដំខ្លួន

    កុមារគួររៀនដាក់វិន័យ និងធ្វើអ្វីៗដែលចាំបាច់ ទោះបីមិនទាក់ទងនឹងការលេង និងការសប្បាយក៏ដោយ។ ការដុសធ្មេញមុនពេលចូលគេង ទុកដាក់ប្រដាប់ប្រដាក្មេងលេង និងធ្វើលំហាត់នៅផ្ទះគឺជាផ្នែកសំខាន់មួយនៃទម្លាប់ប្រចាំថ្ងៃ។ កុំគ្រប់គ្រងអ្វីដែលពួកគេធ្វើ សូមឱ្យពួកគេធ្វើកិច្ចការផ្ទះដោយខ្លួនឯង ហើយគ្រាន់តែរំលឹកឱ្យពួកគេទៅសម្អាតធ្មេញមុនចូលគេងជាដើម គឺវាគ្រប់គ្រាន់ហើយ។

    ៦. ឱ្យពួកគេឆ្លើយដោយខ្លួនឯង

    វាចាំបាច់ក្នុងការផ្តល់ឱ្យកូនរបស់អ្នកនូវឱកាសដើម្បីនិយាយដោយខ្លួនឯង។ នេះមានសារៈសំខាន់សម្រាប់ទាំងជំនាញ បញ្ញា និងទំនាក់ទំនងរបស់ពួកគេ។ ក្មេងមិនត្រូវខ្លាចថា មានគេសួរពួកគេអ្វីមួយពីពួកគេនោះទេ។ ពួកគេគួរតែរៀនពីរបៀបឆ្លើយសំណួរ និងអភិវឌ្ឍការឆ្លើយតបដោយឯកឯង។ បើមិនដូច្នោះទេពួកគេអាចអៀន ហើយលាក់ខ្លួនពីអ្នកដទៃ។

    ៧. ពន្យល់ពីមូលហេតុ និងផលប៉ះពាល់ដល់កូនអ្នក

    ពន្យល់ពីសកម្មភាព និងលទ្ធផលឱ្យកូនអ្នកបានយល់។ ប្រសិនបើអ្នកស្តីបន្ទោសពួកគេត្រូវប្រាកដថា និយាយសម្រាប់អ្វី? ហើយប្រាប់ពួកគេពីអ្វីដែលពួកគេមានកំហុស។ វាជាការសំខាន់ណាស់ដែលកុមារដឹងពីកំហុសរបស់ពួកគេ ហើយទាញការសន្និដ្ឋានដោយខ្លួនឯង។ ពួកគេគួរតែយល់ថា សកម្មភាពរបស់ពួកគេអាចនាំឱ្យមានលទ្ធផលជាក់លាក់។ ព្យាយាមរក្សាភាពស្ងប់ស្ងៀមនៅពេលពន្យល់ពួកគេពីមូលហេតុដែលថា វាជាការប្រសើរក្នុងការប្រយ័ត្នអ្វីមួយ និងហេតុផលសម្រាប់ចំណុចនោះ។

    ៨. ឱ្យកូនរបស់អ្នកចេះធ្វើខុស

    អ្នកមិនគួរធ្វើជាអ្នកត្រួសត្រាយហួសហេតុលើកូនរបស់អ្នកនោះទេ។ ជាការពិតណាស់វាមានតម្លៃក្នុងការពន្យល់ពីអ្វីដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់ពួកគេ ប៉ុន្តែអ្នកអាចផ្តល់ឱ្យកុមារនូវសេរីភាពរបស់ពួកគេ នៅពេលនិយាយអំពីរឿងអ្វីមួយ។ នេះនឹងអនុញ្ញាតឱ្យពួកគេរៀនពីកំហុសរបស់ពួកគេ និងទទួលបានបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេ ដែលបន្ទាប់មកវានឹងមានប្រយោជន៍នាពេលអនាគត។ ចងចាំថាកំហុសការដួល និងការខកចិត្ត គឺជាផ្នែកមួយនៃជីវិត។

    ៩. ជួយកូនអ្នកបង្កើតគំនិតផ្ទាល់ខ្លួនរបស់ពួកគេ

    វាមានប្រយោជន៍ក្នុងការអភិវឌ្ឍសមត្ថភាពរបស់កុមារក្នុងការឆ្លុះបញ្ចាំង និងពិចារណាលើស្ថានភាព និងបង្កើតជំនឿរបស់ពួកគេ ដោយផ្អែកលើការយល់ដឹង និងអារម្មណ៍របស់ពួកគេ។ វាជាការសំខាន់ណាស់ដែលអនុញ្ញាតឱ្យពួកគេបញ្ចេញមតិរបស់ពួកគេ ព្រោះនេះនឹងជួយឱ្យពួកគេមិនចុះចាញ់នឹងរឿងពាក្យចំអន់ពីមិត្តភក្តិរបស់ពួកគេ ដោយមិនចាំបាច់ធ្វើតាមរបៀបចម្លែក និងអាក្រក់ៗ បើគ្រាន់តែចង់បង្ហាញអ្វីមួយដល់អ្នកដទៃ។ ហើយនៅពេលអនាគតមនុស្សនេះនឹងអាចរក្សាជំហររបស់ពួកគេ ហើយនឹងមិនស្ថិតនៅក្រោមឥទ្ធិពលរបស់នរណាម្នាក់ឡើយ។

    ១០. កុំព្យាយាមមើលពួកគេដូចជាពួកគេនៅក្មេងរហូតពេក

    នៅពេលកូនរបស់អ្នកមានអាយុ ៣ឆ្នាំ អ្នកអាចបង្រៀនឱ្យពួកគេចេះបំពេញភារកិច្ចមួយចំនួនបន្តិចម្តងៗ។ ឧទាហរណ៍ ពួកគេអាចរៀបចំប្រដាប់ប្រដាក្មេងលេងតាមកន្លែងរបស់វា។ ហើយនៅពេលពួកគេរីកចម្រើន គួរពង្រីកបញ្ជីការងារផ្ទះរបស់ពួកគេ។ នេះរួមចំណែកដល់ការអភិវឌ្ឍរបស់ពួកគេ និងជំរុញឱ្យមានភាពឧស្សាហ៍ព្យាយាម និងវិន័យ។ នេះក៏អាចបង្រៀនពួកគេឱ្យជួយអ្នកដទៃ និងគោរពការងាររបស់អ្នកដទៃ៕

    អត្ថបទ៖ លីដា

    Share This Post: