ទៀតហើយ!!! ក្រុមហ៊ុន Boeing រកឃើញយន្តហោះម៉ូដែល 737NG របស់ខ្លួនប្រមាណ៥០គ្រឿងមានបញ្ហាប្រេះស្លាប
ក្រុមហ៊ុនប៊ូអ៊ីងបានបញ្ជាក់ថា ខ្លួនបានផ្អាកដំណើរការយន្តហោះចំនួន ៥០គ្រឿងនៅជុំវិញពិភពលោក បន្ទាប់ពីបានរកឃើញស្នាមប្រេះដែលទាក់ទងនឹងស្លាប ខណៈដែលនាយកប្រតិបត្តិក្រុមហ៊ុនបានសារភាពថា បានធ្វើឱ្យមានកំហុសសុវត្ថិភាព។ បញ្ហានោះគឺមានលើម៉ូដែល 737NG (Next Generation) របស់ក្រុមហ៊ុនផលិតយន្តហោះរបស់អាមេរិកមួយនេះ ដែលឥឡូវកំពុងស្ថិតក្រោមការត្រួតពិនិត្យ។ យន្ដហោះនេះគឺជាម៉ូដែលមុនរបស់ម៉ូដែល Boeing 737 MAX ដែលបានសម្លាប់មនុស្ស ៣៤៦នាក់ នៅក្នុងការធ្លាក់ពីរដង នៅប្រទេសឥណ្ឌូនេស៊ី និងអេត្យូពី ហើយម៉ូដែល 737 MAX នេះត្រូវបានគេដាក់ចុះចតចាប់តាំងពីខែមីនា មកទល់ពេលនេះ។

អ្នកនាំពាក្យក្រុមហ៊ុនប៊ូអ៊ីងបានប្រាប់ AFP ថា យន្តហោះប្រហែល ១,០០០គ្រឿង នៅទូទាំងពិភពលោកបានឈានដល់កម្រិតត្រួតពិនិត្យ។ បញ្ហាដែលការធ្វើអធិការកិច្ចទាំងនេះស្ថិតនៅក្នុងអ្វីដែលគេហៅថា “pickle fork” ជាផ្នែកនៃយន្ដហោះដែលភ្ជាប់តួខ្លួនទៅស្លាប។ អាជ្ញាធរអាកាសចរណ៍សហរដ្ឋអាមេរិកក្នុងខែនេះបានបញ្ជាឱ្យត្រួតពិនិត្យរាល់យន្តហោះម៉ូដែល Boeing 737NG ថ្វីបើយន្តហោះទាំងនោះបានហោះហើរជាង ៣០,០០០ជើង មកហើយក្ដី។ ចំណែកនាយកប្រតិបត្តិរបស់ប៊ូអ៊ីងក៏កំពុងតែប្រឈមជាមួយនឹងគណៈកម្មាធិការសភាអាមេរិកផងដែរកាលពីថ្ងៃពុធ ដោយក្រុមហ៊ុនបានសារភាពថា ធ្វើឱ្យមានកំហុសដែលគេឱ្យឈ្មោះថា MCAS ៕



អត្ថបទ៖ លីដា