ឆេះរថភ្លើងនៅប៉ាគីស្ថានសម្លាប់មនុស្សជាង៦០នាក់ ដោយសារផ្ទុះហ្គាស
យ៉ាងហោចណាស់អ្នកដំណើរចំនួន ៦៥នាក់បានស្លាប់ នៅពេលដែលរថភ្លើងមួយធ្វើដំណើរពីទីក្រុងការ៉ាជី (Karachi) ទៅកាន់ទីក្រុងរ៉ាវ៉ាលភីនឌី (Rawalpindi) របស់ប្រទេសប៉ាគីស្ថានបានឆាបឆេះ។ រដ្ឋមន្រ្តីក្រសួងផ្លូវដែកលោក Sheikh Rashid Ahmed បាននិយាយថា អគ្គិភ័យនេះបណ្តាលមកពីការផ្ទុះហ្គាស អំឡុងពេលអ្នកដំណើរកំពុងធ្វើម្ហូបពេលព្រឹក។ ការឆាបឆេះនេះត្រូវបានគេគិតថា បានរាលដាលដល់រទេះភ្លើងយ៉ាងតិច ៣ទូ។ ហេតុការណ៍នេះបានធ្វើឱ្យមានអ្នកស្លាប់រាប់សិបនាក់ ដោយសារពួកគេព្យាយាមលោតចេញពីរថភ្លើង ហើយមនុស្សចំនួន ៣០នាក់ត្រូវបានគេរាយការណ៍ថា រងរបួសធ្ងន់ធ្ងរ។

របាយការណ៍បានឱ្យដឹងថា ធុងហ្គាស់ពីបានផ្ទុះនៅពេលដែលអ្នកដំណើរបានកំពុងតែធ្វើម្ហូប ហើយដោយសារតែពួកគេប្រើប្រាស់ប្រេងដើម្បីធ្វើម្ហូបផងនោះ ទើបវាបណ្ដាលឱ្យមានការឆាបឆេះកាន់តែខ្លាំង។ ជាធម្មតាអ្នកដំណើរគាត់តែងតែនាំយកចង្ក្រានហ្គាសមកតាមខ្លួនបែបនេះ ដោយសារពួកគេត្រូវធ្វើដំណើរវែងឆ្ងាយ។ មួយវិញទៀតក្រុមអ្នកធ្វើដំណើរមួយចំនួន គឺគាត់កំពុងធ្វើដំណើរទៅកាន់សន្និសិទមួយ ដែលរៀបចំដោយចលនាម៉ូស្លីម Tablighi Jamaat ។ គ្រោះថ្នាក់នេះបានកើតឡើងនៅជិតទីប្រជុំជន Rahim Yar Khan ស្ថិតនៅភាគខាងត្បូងខេត្ត Punjab ៕




អត្ថបទ៖ លីដា