ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកវិទ្យាសាស្ដ្រព្រមានថា ពិភពលោកអាចនឹងប្រឈមជាមួយយុគសម័យទឹកកកឡើងវិញ

    BY autoadmin October 31, 2019
    អ្នកវិទ្យាសាស្ដ្រព្រមានថា ពិភពលោកអាចនឹងប្រឈមជាមួយយុគសម័យទឹកកកឡើងវិញ

    ថ្មីៗនេះក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យឈីកាហ្គោ (University of Chicago) បានធ្វើត្រាប់តាមប្រតិកម្មខ្សែសង្វាក់ការប្រែប្រួលអាកាសធាតុ ដែលចាប់ផ្តើមដោយការកើនឡើងនៃទឹកកករបស់មហាសមុទ្រអង់តាក់ទិក និងបញ្ចប់ជាមួយនឹងយុគសម័យទឹកកក។ នៅក្នុងការសិក្សាមួយក្នុងខែនេះ ក្រុមអ្នកស្រាវជ្រាវបានបង្ហាញនូវគំរូថ្មីមួយ ដែលរៀបរាប់លម្អិតអំពីការកើនឡើងនៃទឹកសមុទ្រ ដែលអាចផ្លាស់ប្តូរចលនារបស់មហាសមុទ្រ និងរារាំងមហាសមុទ្រពីការផ្លាស់ប្តូរកាបូនឌីអុកស៊ីតជាមួយបរិយាកាស។ កាបូនឌីអុកស៊ីតនៅក្នុងមហាសមុទ្រកាន់តែច្រើន ហើយនៅលើអាកាសកាន់តែតិច វានឹងបញ្ច្រាសឥទ្ធិពលផ្ទះកញ្ចក់។

    លោក Malte Jansen សាស្ត្រាចារ្យជំនួយការសាកលវិទ្យាល័យឈីកាហ្គោបាននិយាយថា៖ “សំណួរសំខាន់មួយនៅក្នុងការសិក្សានេះគឺនៅត្រង់ថា តើអ្វីដែលបណ្តាលឱ្យផែនដីវិលវដ្តរដូវ ចូល/ចេញយុគសម័យទឹកកក។ យើងមានជំនឿចិត្តថា តុល្យភាពរវាងកាបូនរវាងបរិយាកាស និងមហាសមុទ្រត្រូវបានផ្លាស់ប្តូរ ប៉ុន្តែយើងមិនដឹងច្បាស់អំពីរបៀប និងមូលហេតុអ្វីរបស់វានោះទេ”។ អ្នកស្រាវជ្រាវម្នាក់ទៀតឈ្មោះថា Alice Marzocchi ក៏បាននិយាយថា ការស្វែងយល់អំពីតួនាទីនៃការផ្ទុកកាបូននៅក្នុងមហាសមុទ្រអាចជួយអ្នកវិទ្យាសាស្ត្រឱ្យ “ត្រាប់តាមការផ្លាស់ប្តូរបរិស្ថាននាពេលអនាគតឱ្យកាន់តែត្រឹមត្រូវ”។

    យ៉ាងណាក៏ដោយទោះបីជាអ្នកជំនាញព្រមានអំពីគ្រោះថ្នាក់នៃការកើនឡើងនៃទឹកសមុទ្រទឹកកក៏ដោយ ក៏ការសិក្សាដទៃទៀតនៅឆ្នាំនេះបានរកឃើញថា បរិមាណទឹកកនៅក្នុងមហាសមុទ្រកំពុងធ្លាក់ចុះ។ ដោយកាលពីខែកក្កដា អង្គការណាសាបានប្រកាសថា ទឹកកកដែលនៅជុំវិញទ្វីបអង់តាក់ទិកបានធ្លាក់ដល់កម្រិតទាបបំផុត ហើយចំនួនដែលបាត់បង់គឺប៉ុនទំហំប្រទេសម៉ិកស៊ិក។ ប៉ុន្តែទឹកកកអណ្តែតចេញពីទ្វីបភាគខាងត្បូងបានកើនឡើងជាលំដាប់ពីឆ្នាំ១៩៧៩ និងបានឡើងដល់កម្រិតខ្ពស់បំផុតត្រឹម ឆ្នាំ២០១៤ ។ មានន័យថា ចាប់តាំងពីឆ្នាំ២០១៤ រហូតមកដល់ពេលនេះអង់តាក់ទិកបានបាត់បង់បរិមាណទឹកកកទៅវិញ ដែលស្មើនឹងរយៈពេលជាងបីទសវត្សរ៍ដែលទឹកកកបានកើនឡើងជាលំដាប់ក្នុងកម្រិតខ្ពស់បំផុត៕

    អត្ថបទ៖ លីដា

    Share This Post: