លោក ដូណាល់ ត្រាំ នឹងជួបជាមួយប្រធានាធិបតីចិន ដើម្បីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម នៅឯរដ្ឋអាយអូវ៉ា សហរដ្ឋអាមេរិក
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងថា លោកអាចនឹងជួបជាមួយប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅរដ្ឋអាយអូវ៉ា សហរដ្ឋអាមេរិក ដើម្បីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ លោក ត្រាំ ក៏គ្រោងនឹងជួបពិភាក្សាជាមួយលោក ស៊ី នៅប្រទេសឈីលីនៅចុងខែនេះ នៅខាងក្រៅកិច្ចប្រជុំកំពូល APEC ។ ប៉ុន្តែបន្ទាប់ពីប្រទេសឈីលីបានលុបចោលការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ APEC លោក ត្រាំ បានបញ្ជាក់ថា លោកអាចនឹងរៀបចំធ្វើជាម្ចាស់ផ្ទះឱ្យកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក និងចិន ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំបូងជាមួយលោក ស៊ី ជិនពីង។

លោក ត្រាំ បាននិយាយថា រដ្ឋអាយអូវ៉ាគឺទំនងជាងគេ ពីព្រោះកិច្ចព្រមព្រៀងនេះនឹងតំណាងឱ្យប្រវត្តិសាស្ត្រសម្រាប់កសិករ។ វាត្រូវបានគេជឿជាក់ផងដែរថា លោក ត្រាំ ពេញចិត្តក្នុងការប្រកាសកិច្ចព្រមព្រៀងនៅក្នុងរដ្ឋអាយអូវ៉ា ដែលជារដ្ឋកសិកម្មមួយនេះ ចាប់តាំងពីប្រទេសដែលមានសេដ្ឋកិច្ចធំជាងលើពិភពលោកទាំង២ (អាមេរិក-ចិន) បានឈានដល់កិច្ចព្រមព្រៀងកាលពីខែមុនថា ប្រទេសចិននឹងនាំចូលផលិតផលកសិកម្មបន្ថែមទៀតពីសហរដ្ឋអាមេរិក។
ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែរថា អ្នកចរចាបានធ្វើឱ្យមានការរីកចម្រើននៅក្នុងវិស័យផ្សេងៗគ្នា ហើយកំពុងធ្វើការដើម្បីដោះស្រាយបញ្ហាដែលត្រូវដោះស្រាយជាមុន។ ហើយគេរំពឹងថា ភាគីទាំងពីរនឹងបន្តពិភាក្សាអំពីកម្មសិទ្ធិបញ្ញា និងបញ្ហាផ្សេងៗទៀត៕

អត្ថបទ៖ លីដា