មេដឹកនាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ យល់ព្រមបង្កើតក្រុមមួយដើម្បីគាំទ្រដល់ក្រុមមូស្លីមរ៉ូហ៊ីងយ៉ាត្រឡប់ទៅកាន់មាតុភូមិដើមវិញ
មេដឹកនាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ានបានយល់ព្រមបង្កើតក្រុមមួយ ដើម្បីគាំទ្រដល់ក្រុមមូស្លីមរ៉ូហ៊ីងយ៉ាដែលបានភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា ទៅកាន់ប្រទេសបង់ក្លាដែសដែលនៅជិតខាង។ រំលឹកដែរថា ជនជាតិភាគតិចជាង ៧សែននាក់ បានភៀសខ្លួនចេញពីរដ្ឋរ៉ាឃីនរបស់ប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីឆ្នាំ២០១៧ ដើម្បីគេចពីការបង្ក្រាបរបស់យោធាទៅលើក្រុមបះបោរ។

សេចក្តីថ្លែងការណ៍របស់ប្រធានអង្គការសហប្រជាជាតិត្រូវបានចេញផ្សាយ បន្ទាប់ពីកិច្ចប្រជុំកំពូលចុងសប្តាហ៍បានសន្យាបង្កើតក្រុមគាំទ្រនៅក្នុងលេខាធិការដ្ឋានអាស៊ាន។ បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន-អសប (ASEAN-UN) លោកអគ្គលេខាធិការ Antonio Guterres បាននិយាយថា អង្គការសហប្រជាជាតិនឹងគាំទ្រយន្តការបច្ចុប្បន្ន និងការចូលរួមរវាងអាស៊ាន និងមីយ៉ាន់ម៉ា។ លោកបាននិយាយថា វានៅតែជាការទទួលខុសត្រូវរបស់មីយ៉ាន់ម៉ាក្នុងការដោះស្រាយបុព្វហេតុនេះ និងធានានូវ “ការធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួនប្រកបដោយសេចក្តីថ្លៃថ្នូរ និងប្រកបដោយនិរន្តរភាព” ស្របតាមបទដ្ឋានអន្តរជាតិ៕


អត្ថបទ៖ លីដា