អគ្គិភ័យតូចមួយបានឆាបឆេះយន្តហោះរបស់រដ្ឋាភិបាលជប៉ុន ប៉ុន្តែជាសំណាងលោកនាយករដ្ឋមន្ត្រីមិនមានគ្រោះថ្នាក់
ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា មានអគ្គិភ័យតិចតួចមួយបានឆេះឡើងនៅលើយន្តហោះរបស់រដ្ឋាភិបាលជប៉ុន កាលពីថ្ងៃអាទិត្យ ថ្ងៃទី០៣ ខែវិច្ឆិកា នៅពេលដែលលោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ នៅលើយន្តហោះ ប៉ុន្តែវាត្រូវបានពន្លត់ភ្លាមៗដោយមិនមានអ្នករងរបួសនោះ។ មេដឹកនាំរូបនេះបានហោះហើរទៅកាន់ទីក្រុងបាងកក ចេញពីទីក្រុងតូក្យូ នៅលើយន្ដហោះប៊ូអ៊ីង 777-300ER (Boeing 777-300ER) ដើម្បីចូលរួមកិច្ចពិភាក្សានៅឯកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ។

ហេតុការណ៍កើតឡើងប្រហែលមួយម៉ោង បន្ទាប់ពីចេញហោះហើរ ដោយមានអគ្គិភ័យតូចមួយបានឆេះឡើង។ ១០នាទីក្រោយមកសេចក្តីប្រកាសមួយទៀតបាននិយាយថា អគ្គិភ័យត្រូវបានពន្លត់ដោយគ្មានផ្សែង ឬក្លិនឈ្ងៀមទៀតឡើយ។ សារព័ត៌មាន Jiji និងសារព័ត៌មាន Kyodo បានរាយការណ៍រឿងនេះដោយដកស្រង់ប្រភពរដ្ឋាភិបាល ហើយលោក ស៊ីនហ្សូ អាបេ ក៏មិនបានផ្លាស់ប្ដូរដំណើររបស់គាត់ដែរ។ យ៉ាងណាក៏ដោយក្រសួងការពារជាតិជប៉ុន នៅមិនទាន់អាចបញ្ជាក់ពីរបាយការណ៍នេះភ្លាមៗនោះទេ៕

អត្ថបទ៖ លីដា