ញាក់សាច់! មហាសេដ្ឋី និងជាម្ចាស់កាស៊ីណូចិនម្នាក់ សុខចិត្តឲ្យលុយស្រីកំណាន់ ៣៨លានដុល្លារអាមេរិក ទុកជាថ្លៃលែងលះគ្នា
តារាម៉ូដែលជនជាតិអាមេរិកាំងដើមកំណើតម៉ាឡេស៊ី Mandy Lieu កំពុងទទួលបានប្រាក់រាប់សិបលានដុល្លារពីមហាសេដ្ឋីកាស៊ីណូម៉ាកាវលោក Alvin Chau ជាកាដូបន្ទាប់ពីពួកគេបានបែកគ្នា។ នាង Mandy Lieu ដែលជាស្រីកំណាន់របស់លោក Alvin Chau អស់រយៈពេល ៥ឆ្នាំមកហើយនោះ ត្រូវបានគេរាយការណ៍ថា ទទួលបានប្រាក់ចំនួន ៣៨លានដុល្លារ ជាការបង់ប្រាក់ឈ្នួល បន្ទាប់ពីនាងចាកចេញពីគាត់។ តាមសេចក្តីរាយការណ៍នាងបានបញ្ចប់ទំនាក់ទំនងរវាងពួកគេទាំង២ បន្ទាប់ពីមានលេចឮថា លោក Chau ដែលជាសហគ្រិនវ័យ ៤៥ឆ្នាំរូបនេះ មិនព្រមលះលែងជាមួយប្រពន្ធដើមឈ្មោះ Heidi Chan អាយុ ៣៨ឆ្នាំ ដើម្បីមកយកនាងជាប់វិញនោះទេ។

យោងតាមកាសែត The Straits Times ឱ្យដឹងថា នាង Mandy Lieu នឹងទទួលបានប្រាក់ ៣០០លានដុល្លារហុងកុង (៣៨លានដុល្លារអាមេរិក) ជាថ្លៃឈ្នួលចែកផ្លូវគ្នាពីលោកសេដ្ឋី។ ពេលដែលនាង Lieu ចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាមួយលោក Chau ក្នុងឆ្នាំ២០១៤ ពួកគេបានរក្សាទំនាក់ទំនងយ៉ាងបើកចំហ ទោះបីជាលោក Alvin Chau បានរៀបការជាមួយនាង Heidi Chan ហើយក៏ដោយ។ នាង Lieu មានកូន ៣នាក់ជាមួយលោក Chau ហើយបានចិញ្ចឹមពួកគេនៅទីក្រុងឡុង ប្រទេសអង់គ្លេស។ ចំណែកលោក Chua ផ្ទាល់ក៏មានកូនចំនួន ២នាក់ទៀត ជាមួយប្រពន្ធបច្ចុប្បន្ន និងកូនប្រុសម្នាក់ ជាមួយប្រពន្ធដើមមុនមួយទៀត។
ការពិតលោក Chau ក៏ត្រូវបានភរិយាបច្ចុប្បន្នទាមទារលែងគ្នាដែរ ប៉ុន្តែគាត់ចង់រក្សាគ្រួសារឱ្យនៅដដែល។ ម៉្យាងទៀតប្រសិនបើប្រពន្ធស្របច្បាប់លែងលះគ្នាជាមួយគាត់មែននោះ គាត់អាចនឹងត្រូវខាតបង់ច្រើនជាងនេះទៅទៀត។ បើនិយាយតាមច្បាប់គាត់នឹងត្រូវបែងចែងទ្រព្យដែលគាត់រកបានបន្ទាប់ពីរៀបការរួច ទៅឱ្យភរិយារបស់គាត់នោះ។ យ៉ាងណាក៏ដោយទោះបីជា ៣៨លានដុល្លារអាមេរិក អាចនិយាយបានថា ជាលុយមហាសាលសម្រាប់យើង ប៉ុន្តែវាតិចតួចប៉ុណ្ណោះសម្រាប់ពួកសេដ្ឋីចិនដែលមានអំណាច៕


អត្ថបទ៖ លីដា