ទឹកជំនន់បន្សល់ដោយព្យុះ Hagibis បានធ្វើឱ្យរថភ្លើងល្បឿនលឿនរបស់ជប៉ុនជាច្រើនខូចខាត ដែលគិតជាទឹកប្រាក់ប្រហែល ១៣៥លានដុល្លារអាមេរិក
រថភ្លើងល្បឿនលឿន (bullet train) របស់ជប៉ុន ១០គ្រឿង ត្រូវបានលិចក្នុងទឹកដោយសារទឹកជំនន់បន្សល់ពីព្យុះ Hagibis កាលពីខែមុន ហើយពេលនេះរថភ្លើងទាំងនោះត្រូវបានគេដកចោល និងដាក់មកវិញដោយរថភ្លើងថ្មីទាំងអស់។ រថភ្លើងទាំងនោះត្រូវបានគេឱ្យដឹងថា ជាប្រភេទមាន ១២ទូ ហើយអាចមានតម្លៃសរុបចន្លោះពី ១១០លាន ទៅ ១៣៥លានដុល្លារអាមេរិក។ រំលឹកដែរថា ព្យុះ Hagibis បានវាយប្រហារដោយខ្យល់បក់ល្បឿន ២២៥គម/ម៉ នៅចុងសប្តាហ៍ ថ្ងៃទី១២-១៣ ខែតុលា ដែលបានសម្លាប់មនុស្សប្រហែល ៩០នាក់ និងធ្វើឱ្យមនុស្សរាប់ពាន់នាក់ផ្លាស់ទីលំនៅដោយសារទឹកជំនន់។ វាជាព្យុះដ៏អាក្រក់បំផុតរបស់ប្រទេសក្នុងទស្សវត្សរ៍នេះ។

លោក Yuji Fukasawa ប្រធានក្រុមហ៊ុនផ្លូវដែក East Japan ដែលជាម្ចាស់រថភ្លើងចំនួន ៨ ក្នុងចំណោម ១០គ្រឿង បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធថា ទឹកជំនន់បានបំផ្លាញសមាសធាតុសំខាន់ៗជាច្រើនរួមមានម៉ូទ័រ និងប្រព័ន្ធហ្វ្រាំង។ លោកនិយាយថា បើនិយាយពីស្ថេរភាព និងសុវត្ថិភាព វាជាការសមស្របក្នុងការដក់ចេញរថភ្លើងទាំងនេះ ដោយដាក់ជំនួសដោយរថភ្លើងថ្មី។ ក្រុមហ៊ុន East Japan នឹងព្យាយាមជួសជុលការខូចខាតនេះឱ្យបាន ១០០% ឱ្យទាន់ពេលតាមដែរអាចធ្វើបាន។ ចំណែក West Japan ដែលជាម្ចាស់នៃរថភ្លើង ២ផ្សេងទៀត ក៏កំពុងត្រៀមលុយ ២៧,៦០០,០០០ ដុល្លារដើម្បីទិញរថភ្លើងថ្មីស្រដៀងគ្នានេះមកដំណើរការវិញដែរ៕

អត្ថបទ៖ លីដា