អន្តរជាតិ

សពនារីទេសចរអង់គ្លេស ដែលលង់ទឹកស្លាប់នៅកោះរុង គឺគ្រួសារមិនបញ្ចូនទៅអង់គ្លេសវិញឡើយ ដោយរៀបចំបូជានៅវត្តទឹកថ្លាវិញ

BY
autoadmin
November 7, 2019

យោងតាមកាសែតភ្នំពេញប៉ុស្តិ៍បានឱ្យដឹងថា សាកសពរបស់នារីទេសចរអង់គ្លេស Amelia Bambridge អាយុ ២១ឆ្នាំ ដែលបានលង់ទឹកស្លាប់នៅឯកោះរុង និងរសាត់អណ្ដែតជិតព្រំដែនសមុទ្រកម្ពុជានិងថៃ ត្រូវបានគ្រួសារយកទៅបូជានៅឯវត្តទឹកថ្លា ក្នុងរាជធានីភ្នំពេញ។ បើតាមសម្ដីមន្ត្រីបាននិយាយកាលពីថ្ងៃពុធថា មូលហេតុដែលគ្រួសាររបស់នាងសម្រេចមិនធ្វើមាតុភូមិនិវត្តន៍ឱ្យ Amelia ក៏ព្រោះតែពួកគេទទួលស្គាល់ថា នាងពិតជាលង់ទឹកស្លាប់ពិតមែន និងមិនស្ថិតក្រោមកាលៈទេសៈគួរឱ្យសង្ស័យនោះទេ។

ដើមឡើយក្រុមគ្រួសាររបស់នាងចង់បញ្ជូនសាកសពនាងទៅអង់គ្លេសវិញ ដោយមានការយល់ព្រមពីស្ថានទូតអង់គ្លេស។ ប៉ុន្តែបន្ទាប់ពីធ្វើកោសល្យវិច័យលើសាកសព ហើយរកមិនឃើញមានការសង្ស័យណាមួយទាក់ទិននឹងបទឧក្រិដ្ឋ គ្រួសាររបស់នាងក៏សម្រេចថា បូជាសពនៅភ្នំពេញកាលពីថ្ងៃសៅរ៍កន្លងទៅ ហើយយកធាតុត្រឡប់ទៅផ្ទះវិញ។ គួររំលឹកដែរថានាង Amelia Bambridge បានបាត់ខ្លួនកាលពីថ្ងៃទី២៤ ខែតុលា នៅពេលនាងត្រូវគ្រោងនឹងចាកចេញពីសណ្ឋាគារដែលនាងស្នាក់នៅ ប៉ុន្តែមិនមាននរណាឃើញនាងទេ។

លុះមួយសប្ដាហ៍ក្រោយមក នៅក្រោមកិច្ចខិតខំប្រឹងប្រែងរបស់មន្ដ្រីកម្ពុជា ដឹកនាំដោយឧត្តមសេនីយ៍ទោ ជូន ណារិន្ទ ស្នងការ នគរបាលខេត្តព្រះសីហនុ ក៏ដូចជាសមាជិកគ្រួសាររបស់នាង ដែលបានតាមរកនាងមិនថា ជាក្នុងទឹក លើដី និងលើអាកាស ទើបទីបំផុតពួកគេអាចរកឃើញសាកសពរបស់នាង។ នាងត្រូវបានគេសន្និដ្ឋានថា បានចុះហែលទឹកបន្ទាប់ពីស្រវឹងចេញពីកន្លែងជប់លៀង ហើយក៏លង់ទឹកស្លាប់ដោយសារតែនាងមិនបានដឹងពីភូមិសាស្ត្រថាទឹកជ្រៅ។ មិនមានស្លាកស្នាមណាមួយដែលថា នាងត្រូវបានគេរំលោភសេពសន្ថវៈ ឬប្រតាយប្រតប់អ្វីនោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ ភ្នំពេញប៉ុស្តិ៍

Share This Post: