អន្តរជាតិ

សូមប្រុងប្រយ័ត្ន! ព្យុះទីហ្វុង Nakri និង Matmo នឹងបក់បោកលើប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ចាប់ពីថ្ងៃនេះដល់ថ្ងៃអាទិត្យ

BY
autoadmin
November 8, 2019

តំបន់ក្នុងអាស៊ីជួបព្យុះជាបន្តបន្ទាប់ បន្សល់នូវផលខូចខាតមិនទាន់ស្ដារអស់ផងឥឡូវមានព្យុះថ្មីមួយទៀតហើយ!​ សម្រាប់អ្នកដែលនៅលើកោះ Penang (ប៉េណាំង) នៃប្រទេសម៉ាឡេស៊ី ឬសម្រាប់អ្នកដែលមានគម្រោងធ្វើដំណើរកម្សាន្តនៅទីនោះក្នុងដំណើរកម្សាន្តចុងសប្តាហ៍ សូមផ្អាកសិនព្រោះថាអាកាសធាតុមិនអំណោយផលនោះទេ។ យោងតាម Sinar Harian និង Oriental Daily ឱ្យដឹងថា ប៉េណាំងនឹងប្រឈមមុខនឹងផលប៉ះពាល់នៃព្យុះទីហ្វុងចំនួនពីរ ដែលនឹងមានចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ដល់ថ្ងៃអាទិត្យ។

ក្នុងនោះផងដែរព្យុះទីហ្វុង Nakri នឹងបក់បោកចូលប្រទេសវៀតណាម នៅថ្ងៃសៅរ៍ទី០៩ ខែវិច្ឆិកា ២០១៩ ខណៈព្យុះទីហ្វុង Matmo នឹងវាយលុកប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដែសនៅថ្ងៃទី០៨ ខែវិច្ឆិកា ២០១៩។ បើមើលតាមរូបភាពកម្ពុជាក៏មានរងប៉ះពាល់ផងដែរ។ ព្យុះទាំង២ នឹងមិនធ្វើឱ្យប៉េណាំងមានការបាក់ដីនោះទេ មានន័យថាវានឹងទទួលរងលក្ខខណ្ឌអាកាសធាតុមិនល្អ ចាប់ពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យដូចជា៖ ភ្លៀងធ្លាក់ខ្លាំង ខ្យល់ខ្លាំង និងព្យុះជាដើម។ ចំណែកកម្ពុជានឹងត្រូវរងឥទ្ធិពលពីព្យុះ Matmo ប៉ុន្តែមិនមានការបញ្ជាក់ថាប៉ះពាល់បែបណានោះទេ។ យ៉ាងណាក៏ដោយសូមមានការប្រុងប្រយ័ត្នជាមួយភ្លៀង ខ្យល់កន្ទ្រាក់ និងការធ្វើដំណើរលើទឹក៕

អត្ថបទ៖ លីដា

Share This Post: