អន្តរជាតិ

ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃនៅអូស្ត្រាលីបានកើនឡើង ហើយភ្លើងក៏គ្មានសញ្ញាថាអន់ថយទៅវិញដែរ ដោយសារតែគ្មានភ្លៀងខុសពីធម្មតា

BY
autoadmin
November 14, 2019

ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃនៅអូស្ត្រាលីបានកើនឡើងដល់ ៤នាក់ ខណៈដែលអាជ្ញាធរបានព្រមានកាលពីថ្ងៃព្រហស្បតិ៍នេះថា ស្ថានភាពអាកាសធាតុកាន់តែអាក្រក់ទៅៗមិនអាចគ្រប់គ្រងបាន។ ប៉ូលីសបាននិយាយថា សាកសពមួយត្រូវបានរកឃើញកាលពីល្ងាចថ្ងៃពុធ នៅក្នុងព្រៃដែលឆេះនៅជិតទីប្រជុំជន Kempsey ភាគឦសាន រដ្ឋ New South Wales ។ ជនរងគ្រោះត្រូវបានគេសង្ស័យថា ជាបុរសវ័យចំណាស់ អាយុ ៥៨ឆ្នាំ ដែលរស់នៅក្បែរនោះ ព្រោះថាចាប់តាំងពីថ្ងៃសុក្រនៅពេលដែលភ្លើងឆេះព្រៃយ៉ាងសាហាវនៅទូទាំងរដ្ឋ NSW គាត់មិនបានបង្ហាញវត្តមានទៀតទេ។

ភ្លើងឆេះដ៏សន្ធោសន្ធៅនេះបានសម្លាប់មនុស្ស ៣នាក់ផ្សេងទៀត និងបានបំផ្លាញផ្ទះយ៉ាងហោចណាស់ ១៥០ខ្នង។ សេវាកម្មពន្លត់អគ្គីភ័យជនបទបាននិយាយថា អគ្គិភ័យប្រហែល ៦០កន្លែង កំពុងឆាបឆេះនៅរដ្ឋ New South Wales កាលពីព្រឹកថ្ងៃព្រហស្បតិ៍ និងកំពុងត្រូវបានប្រយុទ្ធដោយក្រុមពន្លត់អគ្គិភ័យជាង ១,០០០នាក់។ គួរឱ្យដឹងដែរថា រដូវមានភ្លើងឆេះប្រចាំឆ្នាំរបស់អូស្រ្តាលីឡើងដល់កម្រិតកំពូលនារដូវក្ដៅនៅអឌ្ឍគោល​ខាង​ត្បូង ឬ Southern Hemisphere summer ហើយវាបានឈានជើងចូលយ៉ាងឆាប់រហ័ស បន្ទាប់ពីរដូវរងា និងក្ដៅស្ងួតខុសពីធម្មតាកន្លងមក៕

អត្ថបទ៖ លីដា

Share This Post: