ក្មេងស្រីអាយុ ៧ ឆ្នាំម្នាក់ត្រូវមិត្តភក្តិនៅសាលារៀនសម្លុតធ្វើបាប និងញាត់កំទេចក្រដាសតូចៗជាច្រើនចូលទៅក្នុងភ្នែក (មានវីដេអូ)
ចិន៖ ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមចិនជាច្រើនកំពុងតែបង្ហាញនូវក្តីបារម្ភអំពីសកម្មភាពហិង្សាក្នុងចំណោមក្មេងតូចៗមិនទាន់គ្រប់អាយុ ដែលបានកើតឡើងកាន់តែអាក្រក់ឡើងៗនៅក្នុងសង្គម។ តួយ៉ាងកាលពីពេលថ្មីៗនេះមានស្ត្រីម្នាក់បានបង្ហោះសារតាមបណ្ដាញសង្គមដោយបង្ហាញថា កូនស្រីអាយុ ៧ ឆ្នាំរបស់គាត់ត្រូវបានក្រុមមិត្តភក្តិនៅឯសាលារៀនសម្លុតគំរាម និងធ្វើបាបនាងយ៉ាងខ្លាំង ដោយមានទាំងការយកកំទេចក្រដាសតូចៗញាត់ចូលក្នុងភ្នែករបស់នាងទៀតផង។ ស្ត្រីជាម្តាយរូបនេះត្រូវបានគេស្គាល់ថា មានឈ្មោះ Li រស់នៅក្នុងក្រុង Henan ខេត្ត Yuzhou ភាគខាងត្បូងប្រទេសចិន។ អ្នកស្រី Li បានរៀបរាប់ថា កូនស្រីរបស់គាត់មានបញ្ហាឈឺភ្នែកហើយគាត់ក៏បាននាំនាងទៅកាន់មន្ទីរពេទ្យ ស្រាប់តែវេជ្ជបណ្ឌិតបានរកឃើញកំទេចក្រដាសនៅក្នុងភ្នែកនាងជាច្រើន។

ក្រោយការសាកសួរមូលហេតុក្មេងស្រីរងគ្រោះបានប្រាប់ថា មានមិត្តរួមថ្នាក់ជាក្មេងប្រុសពីរនាក់បានធ្វើបាបនាង និងញាត់កំទេចក្រដាសទាំងនេះចូលក្នុងភ្នែករបស់នាង។ រហូតមកទល់នឹងពេលនេះខាងសាលារៀនកំពុងស្វែករកម្តាយឪពុករបស់ក្មេងប្រុសជាជនដៃដល់ទាំងពីរនាក់នោះឲ្យមកដោះស្រាយតាមផ្លូវច្បាប់ហើយ។ សូមរម្លឹកជូនថា មួយរយៈចុងក្រោយនេះមានករណីក្មេងប្រុសមិនទាន់គ្រប់អាយុសម្លាប់ម្តាយខ្លួនឯង និងចាប់រំលោភហើយសម្លាប់ក្មេងស្រីមិនទាន់គ្រប់អាយុបានកើតមានជាបន្តបន្ទាប់នៅក្នុងប្រទេសចិន ខណៈក្មេងប្រុសមិនទាន់គ្រប់អាយុទាំងនោះមិនត្រូវបានផ្តន្ទាទោសឲ្យជាប់គុកឡើយ ដោយពួកគេមិនទាន់ដល់អាយុត្រូវជាប់គុក៕

អត្ថបទ៖ ភក្តី