ដោយសារជីវភាពខ្វះខាត ខំចំណាកស្រុកមកធ្វើការក្រៅប្រទេស តែបែរជួបថៅកែចិត្តខ្មៅយកប្រេងក្តៅស្រោចលើរាងកាយ និងបង្អត់អាហារនាងថែមទៀត
ស្ត្រីជាអ្នកបម្រើការងារនៅតាមផ្ទះជនជាតិបង់ក្លាដែសម្នាក់បានស្រែកយំ និងស្វែងរកជំនួយជាបន្ទាន់មួយតាមរយៈការ Live វីដេអូក្នុងបណ្តាញសង្គម ក្រោយរូបនាងត្រូវម្ចាស់ផ្ទះនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតយកប្រេងក្តៅមកស្រោចលើនាង។ ស្ត្រីជាជនរងគ្រោះរូបនេះមានឈ្មោះថា Sumi Akter និងមានអាយុ ២៥ ឆ្នាំ។ ព្រោះតែជីវភាពក្រីក្រនាងបានចេញពីប្រទេសកំណើតទៅធ្វើការងារជាអ្នកបម្រើតាមផ្ទះនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតជាច្រើនឆ្នាំមកហើយ ដែលក្នុងអំឡុងពេលមកធ្វើការងារនេះនាងត្រូវបានគេរំលោភបំពានមកលើរាងកាយ និងបៀតបៀនផ្លូវភេទជាច្រើនដងរាប់មិនអស់ តែនាងចេះតែបន្តទ្រាំព្រោះចង់បានប្រាក់ជួយគ្រួសារ។

យ៉ាងណាក្តីថ្មីៗនេះ នាងទទួលរងនូវទារណ្ឌកម្មយ៉ាងខ្លាំងដោយត្រូវម្ចាស់ផ្ទះស្រោចប្រេងក្តៅលើរាងកាយ ឃុំខ្លួននាង និងបង្អត់អាហារ ១៥ ថ្ងៃទម្រាំតែនាងអាចប្រើប្រាស់ទូរស័ព្ទ និងស្នើសុំជំនួយនេះបាន។ តាមការរៀបរាប់ទាំងទឹកភ្នែករបស់ស្រ្តីគ្រោះនាងបានឲ្យដឹងថា នាងទំនងជាមិនអាចរស់បានយូរទៀតទេ ប្រសិនបើគ្មានអ្នកណាមកជួយនាង។ ក្រោយទទួលបានដំណឹងនេះភ្លាម ពេលនេះទាំងរដ្ឋាភិបាលបង់ក្លាដែស និងអង្គការការពារសិទ្ធមនុស្ស កំពុងតែដុតដៃដុតជើង ជួយសង្គ្រោះយកស្ត្រីរងគ្រោះមកកាន់ប្រទេសកំណើតវិញហើយ។ សូមបញ្ជាក់ជូនថា បើតាមរបាយការណ៍បានបង្ហាញថា គិតចាប់តាំងពីឆ្នាំ ១៩៩១ មកមានស្រ្តីបង់ក្លាដែសប្រមាណជា ៣០០ ០០០ នាក់ហើយ ដែលបានធ្វើទៅធ្វើការងារជាអ្នកបម្រើតាមផ្ទះនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត៕
អត្ថបទ៖ ភក្តី