អន្តរជាតិ

អ៊ីតាលីប្រកាសពីភាពអាសន្នរបស់ខ្លួន បន្ទាប់ពីរងគ្រោះទឹកជំនន់យ៉ាងអាក្រក់បំផុតក្នុងរយៈពេល ៥០ឆ្នាំ

BY
autoadmin
November 14, 2019

ប្រទេសអ៊ីតាលីប្រកាសពីភាពអាសន្នរបស់ខ្លួន បន្ទាប់ពីទឹកជំនន់បាននាំឱ្យមានការបំផ្លាញយ៉ាងធ្ងន់ធ្ងរទៅលើទីក្រុង Venice ធ្វើឱ្យជន់លិចវិហារកាតូលិក Basilica និងបន្សល់ទុកនូវការបំផ្លិចបំផ្លាញរីករាលដាលនៅពេញទីក្រុង។ នាយករដ្ឋមន្រ្តីលោក Giuseppe Conte បានពណ៌នាអំពីទឹកជំនន់ថា ជា “ការប៉ះទង្គិចដល់បេះដូងនៃប្រទេសរបស់យើង” នៅពេលលោកបានពិនិត្យមើលការខូចខាតនៅទីក្រុង Venice កាលពីយប់មិញ។ លោក Conte ក៏បានផ្តល់មូលនិធិបន្ទាន់ផងដែរ បន្ទាប់ពីអាជ្ញាធរក្រុង Venice បាននិយាយថា ការខូចខាតអាចមានទៅដល់រាប់រយលានផោន រួមទាំងប៉ះពាល់ដល់ប្រជាជនរាប់លាននាក់ គិតតែនៅម្ដុំព្រះវិហារ St Mark’s Basilica តែមួយ។

អភិបាលក្រុង Venice បានស្តីបន្ទោសការផ្លាស់ប្តូរអាកាសធាតុចំពោះគ្រោះមហន្តរាយ ប៉ុន្តែក៏មានការខឹងសម្បារក្នុងចំណោមប្រជាជននៅទីនោះដែរកាលពីម្សិលមិញ ចំពោះអំពើពុករលួយដែលបានធ្វើឱ្យមានការពន្យារពេលការពារទឹកជំនន់។ លោកអភិបាលក្រុង Luigi Brugnaro បាននិយាយថា ទីក្រុងនេះកាន់តែចុះខ្សោយ ហើយបានព្រមានអំពីការបំផ្លិចបំផ្លាញរាលដាលបន្ថែមទៀត បន្ទាប់ពីទឹកជំនន់បានឡើងដល់កម្ពស់ជិត ៦ហ្វីត ២អ៊ីញ (១៨៧សង់ទីម៉ែត្រ) កាលពីយប់ថ្ងៃអង្គារនៅផ្នែកមួយចំនួន ដែលកំណត់ត្រាចាស់គឺ ៦ហ្វីត ៥អ៊ីញ ក្នុងឆ្នាំ១៩៦៦។ ពោលគឺទឹកជំនន់បានវាយប្រហារ ៨០% នៃទីក្រុងទាំងមូល៕

អត្ថបទ៖ លីដា

Share This Post: