អន្តរជាតិ

នាវាទេសចរណ៍អូស្ត្រាលីដឹកអ្នកដំណើរមួយគ្រឿង ត្រូវបង្ខំចិត្តជម្លៀសអ្នកដំណើរទាំង ២,០០០នាក់ចេញ ដោយសារមានការផ្ទុះឡើងនៃវីរុស norovirus

BY
autoadmin
November 15, 2019

នាវាទេសចរណ៍អូស្ត្រាលីមួយគ្រឿងត្រូវបានបង្ខំឱ្យជម្លៀសអ្នកដំណើរចំនួន ២,០០០នាក់ ចុះចតជាបន្ទាន់ បន្ទាប់ពីវីរុសឆ្លងបានរាលដាល បណ្តាលឱ្យមានការក្អួត និងរាករូស។ នាវាទេសចរណ៍ Sun Princess បានចាកចេញពីទីក្រុង Fremantle ភាគខាងលិចនៃប្រទេសអូស្រ្តាលី កាលពីថ្ងៃទី០១ ខែវិច្ឆិកា ដោយគោលដៅរបស់ពួកគេគឺទៅកាន់ប្រទេសសិង្ហបុរី ក្រោយមកអ្នកដំណើរមួយចំនួនក៏មានអារម្មណ៍ថា រកកល់​ចង្អោរ​ ដូចជាមានការរលាកក្រពះពោះវៀន ដោយសារការឆ្លងវីរុស norovirus ។

អ្នកនាំពាក្យរបស់នាវា Princess Cruises បានប្រាប់ថា អនាម័យនៅលើកប៉ាល់ត្រូវបានបង្កើនភ្លាមៗ បន្ទាប់ពីភ្ញៀវខ្លះរាយការណ៍ពីរោគសញ្ញារកកល់​ចង្អោរ និងរាករូស​ ដែលត្រូវបានបញ្ជាក់ថាបណ្តាលមកការផ្ទុះឡើងនៃវីរុស norovirus ។ ភាគច្រើននៃភ្ញៀវទាំង ២,០០០នាក់ នៅលើនាវាមិនបានរងផលប៉ះពាល់ទាំងអស់ទេ ប៉ុន្តែករណីមួយចំនួនត្រូវបានរាយការណ៍ ដូច្នេះវិធានការអនាម័យនៅលើនាវាត្រូវតែពង្រឹង។ វីរុសរាលដាលយ៉ាងងាយ ដោយសារជនរងគ្រោះបានប៉ះនឹងរបស់ដែលមានផ្ទុកវីរុសនេះ។ គួរឱ្យដឹងដែរថា រោគសញ្ញានៃវីរុស norovirus ជាទូទៅមានរយៈពេលពីមួយទៅបីថ្ងៃ ដោយអ្នកជំនាញវេជ្ជសាស្ត្របានណែនាំឱ្យលាងដៃឱ្យបានទៀងទាត់ដើម្បីចៀសវាងជំងឺនេះ៕

អត្ថបទ៖ លីដា

Share This Post: