គ្រូបង្រៀនវៀតណាមម្នាក់ត្រូវជាប់គុក ១១ ឆ្នាំ ក្រោយបង្ហោះសារតាម Facebook ប្រឆាំងនឹងរដ្ឋាភិបាល
វៀតណាម៖ គ្រូបង្រៀនផ្នែកតន្ត្រីជនជាតិវៀតណាមម្នាក់ត្រូវបានតុលាការសម្រេចផ្តន្ទាទោសកាលពីពេលថ្មីៗនេះឲ្យជាប់គុករយៈពេល ១១ ឆ្នាំ ក្រោយគណនី Facebook របស់គាត់បានបង្ហោះនូវព័ត៌មានជាច្រើន ដែលមានទំនោរប្រឆាំងនឹងរដ្ឋាភិបាលរៀតណាម។ គ្រូបង្រៀនដែលត្រូវបានគេចាប់ខ្លួននេះមានឈ្មោះថា Nguyen Nang Tinh អាយុ ៤៣ ឆ្នាំ រស់នៅក្នុងខេត្ត Nghe An ភាគខាងជើងប្រទេសវៀតណាម។ យោងតាមសារព័ត៌មាន Bangkokpost បានបញ្ជាក់ថា ក្រោយតាមដានទៅលើគណនី Facebook របស់លោក Nguyen Nang Tinh យ៉ាងល្អិតល្អន់ តុលាការ វៀតណាមបានសម្រេចធ្វើការផ្ដន្ទាទោសគាត់ពីបទ “បង្កើតនិងចែកចាយព័ត៌មាននិងមធ្យោបាយផ្សេងៗប្រឆាំងនឹងរដ្ឋាភិបាលវៀតណាម” ។

យ៉ាងណាក្តី លោក Nguyen Nang Tinh បានប្រាប់អ្នកសារព័ត៌មានថា គណនី Facebook ដែលបានចែកចាយព័ត៌មានប្រឆាំងរដ្ឋាភិបាលនោះមិនមែនជាគណនីពិតដែលគាត់ប្រើប្រាស់ឡើយ តែវាត្រូវបានបង្កើតដោយអ្នកផ្សេង និងយកឈ្មោះនិងរូបគាត់ទៅប្រើប្រាស់តែប៉ុណ្ណោះ។ សូមបញ្ជាក់ជូនថា រដ្ឋាភិបាល វៀតណាមមានការរឹតបន្ដឹងទៅលើការចែកចាយព័ត៌មានរិះគន់រដ្ឋាភិបាលយ៉ាងខ្លាំង ហើយកាលពីខែមុននេះក៏មានអ្នកប្រើប្រាស់បណ្ដាញសង្គមវៀតណាមត្រូវបានតុលាការសម្រេចឲ្យជាប់គុក ១២ ខែដែរ ក្រោយរូបគេបង្ហោះនូវសារបែបរិះគន់រដ្ឋាភិបាល៕
អត្ថបទ៖ភក្តី