ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បន្ទប់សភានៃក្រុមប្រឹក្សាតំបន់ក្នុងប្រទេសអ៊ីតាលីត្រូវបានទឹកជន់ភ្លាមៗ ២នាទីបន្ទាប់ពីពួកគេច្រានចោលដំណោះស្រាយការប្រែប្រួលអាកាសធាតុ

    BY autoadmin November 16, 2019
    បន្ទប់សភានៃក្រុមប្រឹក្សាតំបន់ក្នុងប្រទេសអ៊ីតាលីត្រូវបានទឹកជន់ភ្លាមៗ ២នាទីបន្ទាប់ពីពួកគេច្រានចោលដំណោះស្រាយការប្រែប្រួលអាកាសធាតុ

    បន្ទប់សភានៃក្រុមប្រឹក្សាតំបន់ Veneto ក្នុងទីក្រុង Venice ប្រទេសអ៊ីតាលី បានជន់លិចជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រកាលពីយប់ថ្ងៃអង្គារ។ វាបានលិចភ្លាមៗបន្ទាប់ពីសមាជិករបស់ខ្លួនបានច្រានចោលការធ្វើវិសោធនកម្ម ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ និងការកើនឡើងនៃកម្ពស់ទឹកសមុទ្រនាពេលអនាគតរបស់ទីក្រុង ចំពេលដែលទឹកកំពុងវាយប្រហារទីក្រុងបុរាណដ៏អស្ចារ្យ និងជាបេ​តិក​ភ័​ណ្ឌ​ពិភពលោក ក្នុងប្រទេសអ៊ីតាលីមួយនេះ។

    នៅក្នុងហ្វេសប៊ុកគណនីលោក Andrea Zanoni អនុប្រធានគណៈកម្មាធិការបរិស្ថានក្រុមប្រឹក្សាតំបន់ លោកបានពន្យល់ពីកាលៈទេសៈជុំវិញហេតុការណ៍នោះថា បន្ទប់នោះបានលិចភ្លាមៗ ២នាទីបន្ទាប់ពីសមាជិកបក្ស Brothers of Italy និង Forza Italia បរាជ័យក្នុងការធ្វើវិសោធនកម្ម ដើម្បីទប់ទល់ការប្រែប្រួលអាកាសធាតុ។ លោក Andrea ក៏បានបន្ទោសប្រធានប្រចាំតំបន់លោក Luca Zaia ថា គ្មានសកម្មភាពជាក់ស្តែង ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្លាស់ប្តូរអាកាសធាតុនេះ។

    គួរឱ្យដឹងដែរថា កម្ពស់ទឹកនៅក្រុង Venice ប៉ុន្មានថ្ងៃមុន បានឈានដល់កម្ពស់ ១.៨២ម៉ែត្រ ដែលវាខ្ពស់ជាងធម្មតា ហើយស្របពេលដែលកម្ពស់ទឹកសមុទ្រកាន់តែកើនឡើងផងនោះ លោក Andrea Zanoni បានបន្ទោសវាទៅលើការប្រែប្រួលអាកាសធាតុ ដែលគ្រប់គ្នាគួរតែមានដំណោះស្រាយ និងសកម្មភាពជាក់ស្ដែង។ លោក Andrea ក៏បានបន្ថែមដែរថា ការធ្វើវិសោធនកម្មដែលត្រូវបានច្រានចោលរួមមាន៖ ការស្នើសុំថវិកាសម្រាប់ប្រភពថាមពលកកើតឡើងវិញ ប្ដូរពីការប្រើប្រាស់ឡានក្រុងម៉ាស៊ូត និងវិធានការដើម្បីកាត់បន្ថយផលប៉ះពាល់នៃប្លាស្ទិច៕

    អត្ថបទ៖ លីដា

    Share This Post: