ព្រឹទ្ធសភាអាមេរិកបានអនុម័តច្បាប់មួយជាឯកច្ឆន្ទ ដើម្បីគាំទ្រការបង្កើតសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅហុងកុង
កាលពីថ្ងៃអង្គារនេះព្រឹទ្ធសភាអាមេរិកបានអនុម័តច្បាប់ជាឯកច្ឆន្ទ ដើម្បីគាំទ្រដល់ការបង្កើតសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅហុងកុង ដែលបាតុករបានកំពុងតវ៉ាជាបន្តបន្ទាប់អស់ជាច្រើនខែ។ ច្បាប់នេះអំពាវនាវឱ្យមានការត្រួតពិនិត្យលើប្រទេសចិននៃក្របខ័ណ្ឌ “ប្រទេសមួយប្រព័ន្ធពីរ” ដែលត្រូវបានគេសន្មត់ថា ផ្តល់ឱ្យទីក្រុងហុងកុងនូវកម្រិតស្វ័យភាពខ្ពស់។ វាក៏នឹងអនុញ្ញាតឱ្យមានការដាក់ទណ្ឌកម្មលើមន្ត្រីចិន ដែលទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្សនៅហុងកុងផងដែរ។

ច្បាប់នេះមានគោលបំណងបង្ហាញការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ហុងកុង។ ហើយពួកតំណាងបាតុករខ្លះក៏បានចូលរួមក្នុងសមាជសភាអាមេរិក ដើម្បីជំរុញការអនុម័តច្បាប់នេះដែរ។ ច្បាប់នេះត្រូវបានពិភាក្សាដោយព្រឹទ្ធសភា និងសភាជាន់ទាប ដែលបានឯកភាពលើច្បាប់រួចរាល់ មុនពេលបញ្ជូនទៅប្រធានាធិបតីលោក ដូណាល់ ត្រាំ។ ចំណែកខាងរដ្ឋាភិបាលចិនបានបង្ហាញថា ខ្លួននឹងចាត់វិធានការសងសឹកប្រសិនបើច្បាប់នេះចូលជាធរមានមែន។
តាមសេចក្តីរាយការណ៍លោក ដូណាល់ ត្រាំ បានសន្យាជាមួយប្រធានាធិបតីចិនលោក ស៊ី ជិនពីង តាមទូរស័ព្ទកាលពីខែមិថុនាថា លោកនឹងមិនរិះគន់ការឆ្លើយតបរបស់ទីក្រុងប៉េកាំងចំពោះបាតុកម្មនោះទេ។ ប៉ុន្តែយ៉ាងណាក្រុមអ្នកសង្កេតការណ៍កំពុងផ្តោតលើថា តើលោក ត្រាំ នឹងចុះហត្ថលេខាលើច្បាប់នេះទេ? ចំពេលដែលការចរចាពាណិជ្ជកម្មកំពុងបន្តជាមួយទីក្រុងប៉េកាំង មិនទាន់បានជាផ្លែផ្កា៕



អត្ថបទ៖ លីដា