យុវជនម្នាក់ជិះម៉ូតូលឿនដូចហោះ យំផ្អើលពេញផ្លូវ ដល់ប៉ូលិសឃាត់សួរនាំ តាមពិតខឹងគ្រួសារភ្លេចថ្ងៃកំណើតគេ ហើយទាល់តែប៉ូលិសទិញនំ Cake ឲ្យមួយទើបព្រមទៅផ្ទះវិញ (មានវីដេអូ)
ថៃ៖ យុវជនដែលបានប្រព្រឹត្តិបទល្មើសចរាចរណ៍ជាច្រើនករណីម្នាក់ត្រូវប៉ូលិសឃាត់ខ្លួន តែក្រោយពីសាកសួររួចប៉ូលិសមិនបានផ្តន្ទាទោសអ្វីទាល់តែសោះ ហើយថែមទាំងទិញនំ Cake ឲ្យយុវជននោះថែមទៀតផង។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មានបានឲ្យដឹងថា យុវជនខាងលើនេះត្រូវបានប៉ូលិសចរាចរណ៍ថៃប្រទះឃើញជិះម៉ូតូធំមួយគ្រឿងគ្មានស្លាកលេខ គ្មានមួកសុវត្ថិភាព បើកបរលើសល្បឿនកំណត់ ហើយថែមទាំងយំបណ្តើរទៀតផងក្នុងអំឡុងពេលកំពុងបើកម៉ូតូនោះ។
ក្រោយពេលប៉ូលិសឃាត់ខ្លួន យុវជនខាងលើនៅតែបន្តយំនៅមុខប៉ូលិស និងបានរៀបរាប់ថា ថ្ងៃនេះជាថ្ងៃខួបកំណើតរបស់គាត់ តែគ្រួសាររបស់គាត់មិនបានចាំ និងមិនបានរៀបចំពិធីពិសេសអ្វីមួយឲ្យគាត់ឡើយ ទើបគាត់ខឹងជាខ្លាំងរហូតដល់ស្រក់ទឹកភ្នែក និងចង់ជិះម៉ូតូទៅឲ្យបាត់ពីផ្ទះតែម្តង។ ស្ថិតនៅក្នុងស្ថានភាពលោកប៉ូលិសបានរត់ទៅទិញនំ Cake តូចមួយ ដើម្បីប្រារព្ធពិធីខួបកំណើតឲ្យយុវជនរូបនេះនិងបានប្រាប់ឲ្យគេត្រលប់ទៅផ្ទះវិញ ដោយគ្មានការផាកពិន័យអ្វីទាំងអស់ចំពោះបទល្មើសចរាចរណ៍ដែលយុវជនបានបង្កឡើង៕

អត្ថបទ៖ ភក្តី
