មនុស្សជាង ១០០នាក់ បានស្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ ទាក់ទងនឹងការដំឡើងថ្លៃប្រេងនៅក្នុងប្រទេសសម្បូរប្រេងមួយនេះ
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) និយាយថា មនុស្សជាង ១០០នាក់ បានស្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ នៅក្នុងការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខ និងក្រុមបាតុករ ទាក់ទងនឹងការតម្លើងថ្លៃសាំង។ រដ្ឋាភិបាលបានដំឡើងថ្លៃសាំងកាលពីថ្ងៃសុក្រអាទិត្យមុន លើសពីចំនួនចាស់រហូតដល់ ៥០% សម្រាប់អ្នកដែលទិញសាំង ៦០លីត្រក្នុងមួយខែ។ ម៉្យាងទៀតបើលើសពី ៦០លីត្រហ្នឹងទៀត គឺមួយលីត្រមានថ្លៃបន្ថែម ៣ដងឯណោះ។ យោងតាមរបាយការណ៍ពីប្រភពក្នុងស្រុកឱ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន ១០៦នាក់បានស្លាប់ ដែលមកពីទីក្រុងចំនួន ២១ ក្នុងប្រទេស។

អ្នកនាំពាក្យអង្គការសហប្រជាជាតិឱ្យដឹងថា របាយការណ៍នៃការស្លាប់មានបន្តបន្ទាប់ ហើយលោកក៏បានអំពាវនាវដល់រដ្ឋាភិបាលអ៊ីរ៉ង់ឱ្យចៀសវាងការប្រើប្រាស់កម្លាំងហួសប្រមាណ ដើម្បីប្រឆាំងនឹងក្រុមបាតុករផងដែរ ព្រោះថាបើតាមប្រភពដដែលគេនិយាយថា ប៉ូលីសបានប្រើគ្រាប់កាំភ្លើងពិតលើក្រុមអ្នកតវ៉ា។ រូបភាពពេញលេញនៃស្ថានការណ៍នៅតែមិនទាន់ច្បាស់នៅឡើយ ព្រោះរដ្ឋាភិបាលអ៊ីរ៉ង់មិនបានបង្ហាញព័ត៌មានលម្អិតស្តីពីការធ្វើបាតុកម្មនោះទេ និងបានផ្ដាច់អ៊ីនធឺណេតទូទាំងប្រទេសផងដែរ៕




អត្ថបទ៖ លីដា