ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រជាជនម៉ាឡេស៊ីដាក់ញត្តិទៅរដ្ឋាភិបាលខ្លួនឱ្យហាមឃាត់គ្រឿងស្រវឹង និងអនុវត្តទោសប្រហារជីវិតចំពោះអ្នកបើកបរក្នុងភាពស្រវឹង

    BY autoadmin November 20, 2019
    ប្រជាជនម៉ាឡេស៊ីដាក់ញត្តិទៅរដ្ឋាភិបាលខ្លួនឱ្យហាមឃាត់គ្រឿងស្រវឹង និងអនុវត្តទោសប្រហារជីវិតចំពោះអ្នកបើកបរក្នុងភាពស្រវឹង

    ការផឹកស៊ីស្រវឹង និងការបើកបរ មិនមែនជាគំនិតល្អទេ បើអ្នកប្រព្រឹត្តវាទាំងពីរក្នុងពេលតែមួយ។ វាមិនត្រឹមតែធ្វើឱ្យជីវិតផ្ទាល់ខ្លួនរបស់អ្នកប្រឈមនឹងហានិភ័យប៉ុណ្ណោះទេ ប៉ុន្តែវានឹងធ្វើឱ្យគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃទៀតផង ដោយសារភាពខ្វះការពិចារណារបស់អ្នក។ វាជារឿងដែលមិនអាចប្រកែកបានដែលថា គ្រោះថ្នាក់ចរាចរណ៍ដែលផ្ដើមដោយអ្នកបើកបរក្នុងភាពស្រវឹង បានបង្កផលប៉ះពាល់ដល់អ្នកដទៃ ហើយមានពេលខ្លះជនស្លូតត្រង់មួយចំនួនត្រូវបាត់បងជីវិតដោយសារក្រុមមនុស្សធន់នេះ។

    យ៉ាងណាមិញថ្មីៗនេះប្រជាជនម៉ាឡេស៊ីដែលនិយមលេងបណ្ដាញចំនួនជាង ១៨,០០០នាក់ បានធ្វើការដាក់ញត្តិរួមគ្នាមួយទៅឱ្យរដ្ឋាភិបាល ដើម្បីហាមឃាត់រាល់ការសេពគ្រឿងស្រវឹង និងអនុវត្តទោសប្រហារជីវិតចំពោះអ្នកបើកបរទាំងស្រវឹង។ ញត្តិនេះត្រូវបានគេផ្តួចផ្ដើមនៅលើវេបសាយ Change.org ហើយវាពិតជាគួរឱ្យចាប់អារម្មណ៍មែនទែន ពោលគឺប្រសិនបើពួកគេសម្រេចច្បាប់នេះបានមែននោះ គ្រោះថ្នាក់ចរាចរណ៍ក៏នឹងអាចកាត់បន្ថយបានមួយកម្រិត។

    ញត្តិនេះក៏មានគោលបំណងឱ្យប្រទេសនេះមានការកែប្រែ និងដាក់ទោសលើអ្នកបើកបរក្នុងពេលស្រវឹងឱ្យចាស់ដៃ ព្រោះថាកន្លងមកអាជ្ញាធរគ្រាន់តែព្យួរបណ្ណបើកបរ ពិន័យជាប្រាក់ ឬដាក់ជនល្មើសឱ្យចូលគុកប៉ុណ្ណោះ ខណៈដែលករណីជាច្រើនដែលជនស្លូតត្រង់បានស្លាប់ក្រោមដៃពួកប្រមឹកទាំងនេះ។ វាក៏ចំពេលដែលថ្មីៗនេះមានបុគ្គលិកធនាគារម្នាក់បានស្លាប់ដោយសារអ្នកបើកបរទាំងស្រវឹង ភ្លាមៗបន្ទាប់ពីនាងចេញពីជប់លៀងខួបកំណើតរបស់ខ្លួន។ ករណីនេះវាបានបង្កកំហឹងកាន់តែខ្លាំង នៅពេលដែលប្រទេសនេះជាអ្នកមានជំនឿលើសាសនាខ្លាំងស្រាប់។ ពួកគេក៏ជឿជាក់ដែរថា មិនថាជាសាសនាណាក៏ដោយ “ស្រា” គឺខុសវិន័យ ដូច្នេះវាគ្មានហេតុផលអ្វីដែលត្រូវបន្តឱ្យមានការលក់ជាតិស្រវឹង ឬឱ្យមានអ្នកបើកបរស្រវឹងតទៀតនោះទេ៕

    អត្ថបទ៖ លីដា

    Share This Post: