ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្ទើរស្រក់ទឹកភ្នែក! ស្ត្រីម្នាក់សុខចិត្តដោះអាវយកទៅគ្របសត្វកូឡា ដែលកំពុងរងរបួស ដោយសារភ្លើងឆេះព្រៃ (មានវីដេអូ)

    BY autoadmin November 21, 2019
    ស្ទើរស្រក់ទឹកភ្នែក! ស្ត្រីម្នាក់សុខចិត្តដោះអាវយកទៅគ្របសត្វកូឡា ដែលកំពុងរងរបួស ដោយសារភ្លើងឆេះព្រៃ (មានវីដេអូ)

    ដូចអ្នកទាំងអស់គ្នាបានដឹងគ្រប់គ្នាមកហើយថា ប្រទេសអូស្ត្រាលីកំពុងតែជួបទុក្ខ ដោយសារមានភ្លើងឆេះព្រៃជាច្រើនកន្លែង ហើយចំពេលដែលប្រទេសនេះក៏កំពុងជួបប្រទះភាពស្ងួតគ្មានភ្លៀងខុសធម្មតាផងដែរ។ ភ្លើងឆេះព្រៃបានឆាបឆេះហួសពីការគ្រប់គ្រងនៅរដ្ឋ New South Wales (ញូវសៅវែល) និងរដ្ឋ Queensland (ឃ្វីនឡែន) ចាប់តាំងពីខែកញ្ញាមកម្ល៉េះ។ ទោះបីអគ្គីភ័យទាំងនេះកើតឡើងជាទូទៅនៅរដូវដែលមានស្ងួតហួតហែងពិតមែន ប៉ុន្តែទំហំនៃអគ្គិភ័យនៅឆ្នាំនេះត្រូវបានគេរាយការណ៍ថា អាក្រក់មិនធ្លាប់មានពីមុនមកទេ។ រហូតមកដល់ពេលនេះផ្ទះប្រហែល ៣៦៧ខ្នង ត្រូវបានបំផ្លាញ ហើយមនុស្ស ៦នាក់បានស្លាប់ ដោយសារអគ្គិភ័យដែលជា “គ្រោះមហន្តរាយ” សម្រាប់ឆ្នាំនេះ។

    រហូតមកដល់ពេលនេះព្រៃឈើ និងដីប្រហែល ១លានហិកតា ត្រូវបានបំផ្លាញយ៉ាងខ្លាំង ដែលស្ទើរតែស្មើនឹងទំហំប្រទេសសិង្ហបុរីជិត ១៤ដង ឯណោះ។ ភាគច្រើននៃផ្ទៃដីដាំដុះនេះគឺជាជម្រកសត្វព្រៃជាច្រើនប្រភេទដូចជា កូឡា ដែលជាសត្វដ៏ល្បីល្បាញរបស់អូស្រ្តាលី ដែលសត្វទាំងនេះភាគច្រើនមានបញ្ហាក្នុងការរត់គេចពីការបំផ្លិចបំផ្លាញ។ វាត្រូវបានគេប៉ាន់ស្មានថា មានកូឡាជាង ៣៥០ក្បាល បានងាប់ដោយសារតែអគ្គិភ័យឆេះព្រៃ នៅម្ដុំកំពង់ផែម៉ាកឃ្យូរី ក្នុងរដ្ឋ New South Wales ។

    ជាក់ស្ដែងថ្មីៗនេះមានរឿងគួរឱ្យរំជួលចិត្តមួយ ដោយនៅក្នុងវីដេអូបង្ហោះដោយទំព័រហ្វេសប៊ុក SBS Australia បានបង្ហាញពីសត្វកូឡាដ៏គួរឱ្យអាណិតមួយក្បាល បានដើរឆ្លងផ្លូវគេចពីអំណាចនៃអគ្គិភ័យទាំងខ្លួនមានរបួស។ ប៉ុន្តែជាសំណាងមានស្ត្រីម្នាក់ដែលបើកឡានកាត់ទីនោះ រត់ទៅជួយភ្លាមៗ ដោយគាត់ដោះអាវចេញពីខ្លួនមិនបង្អង់យូរ ហើយរត់សំដៅទៅរកសត្វកូឡាមួយក្បាលនោះ។ តាមរយៈវីដេអូវាបង្ហាញថា កូឡាត្រូវបានស្ត្រីនោះជួយ ដោយមានទាំងការឱ្យទឹកផឹក និងស្រោចទឹកលើខ្លួនដើម្បីបន្ថយកម្ដៅ។ ក្រោយមកស្ត្រីម្នាក់នោះបានដណ្ដប់ផួយឱ្យកូឡា និងបញ្ជូនវាទៅកានមន្ទីរពេទ្យដើម្បីសង្គ្រោះ។ យ៉ាងណាមិញយើងសង្ឃឹមថា សត្វកូឡាកម្សត់មួយក្បាលនោះនឹងឆាប់ជា ហើយឆាប់បាត់ភ័យតក់ស្លុត (trauma) ផងដែរ៕

    អត្ថបទ៖ លីដា

    Share This Post: