ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្ស ២៤នាក់បានស្លាប់ នៅក្នុងឧបទ្ទវហេតុធ្លាក់យន្ដហោះ នៅឯសាធារណរដ្ឋកុងហ្គោ

    BY autoadmin November 25, 2019
    មនុស្ស ២៤នាក់បានស្លាប់ នៅក្នុងឧបទ្ទវហេតុធ្លាក់យន្ដហោះ នៅឯសាធារណរដ្ឋកុងហ្គោ

    សារព័ត៌មាន BBC រាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ២៤នាក់បានស្លាប់ បន្ទាប់ពីយន្ដហោះមួយគ្រឿងបានធ្លាក់ចូលតំបន់លំនៅដ្ឋានប្រជាជននៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ BBC បាននិយាយថា យន្ដហោះបានធ្លាក់ និងផ្ទុះកាលថ្ងៃអាទិត្យ ភ្លាមៗបន្ទាប់ពីហោះចេញពីអាកាសយានដ្ឋានមួយនៅភាគខាងកើតទីក្រុងហ្គូម៉ា។ រូបភាពដែលថតចេញពីកន្លែងកើតហេតុបង្ហាញពីផ្សែងពណ៌សហុយចេញពីតួយន្តហោះដែលបានធ្លាក់ទៅលើលំនៅប្រជាជន ហើយមានមនុស្សជាច្រើនបានប្រមូលផ្តុំគ្នានៅក្នុងហេតុការណ៍នោះ។

    បណ្តាញ BBC បានដកស្រង់សម្តីមន្ត្រីម្នាក់និយាយថា យន្ដហោះមានដឹកអ្នកដំណើរ ១៧នាក់ និងនាវិក ២នាក់ ហើយចំនួនអ្នកស្លាប់រួមមានអ្នកដែលនៅលើដី នៅពេលដែលយន្តហោះបានធ្លាក់លើផ្ទះប្រជាជន។ យន្តហោះម៉ូដែល Dornier-228 ដែលមានម៉ាស៊ីនភ្លោះ ២ បានធ្វើដំណើរឆ្ពោះទៅកាន់ទីប្រជុំជនបេនី ដែលមានចម្ងាយប្រហែល ៣៥០គីឡូម៉ែត្រ ពីកន្លែងកើតហេតុ។ របាយការណ៍ក៏បានឱ្យដឹងដែរថា ដោយសារថាមិនមានការថែទាំត្រឹមត្រូវទើបប៉ុន្មានរយៈនេះ ប្រទេសនេះមានគ្រោះថ្នាក់ដោយសារយន្តហោះធ្លាក់ជាហូរហែ៕

    អត្ថបទ៖ លីដា

    Share This Post: