ហួសចិត្ត! នារីម្នាក់ត្រូវប៉ូលីសចាប់ឃុំខ្លួន ១៤ម៉ោង ចំថ្ងៃខួបំណើត ដោយសារច្រឡំម្សៅលាបក្លៀកថាជាគ្រឿងញៀន
ថ្មីៗនេះមានរឿងដ៏គួរឱ្យហួសចិត្តមួយបានកើតឡើង នៅពេលដែលនារីម្នាក់ឈ្មោះថា Sharonia ជាជនជាតិឥណ្ឌូនេស៊ី និងមិត្តភក្តិមួយក្រុមរបស់នាង ត្រូវបានប៉ូលីសចាប់ឃុំឃាំងរហូតដល់ទៅ ១៤ម៉ោង ដោយសារតែច្រឡំម្សៅលាបក្លៀកថាជាគ្រឿងញៀន។ រឿងរ៉ាវបានកើតឡើងកាលពីថ្ងៃទី១០ ខែវិច្ឆិកា នៅពេលដែលនាងធ្វើការកក់បន្ទប់លំដាប់ផ្កាយ ៥ នៅ W Singapore-Sentosa Cove ឬ W Hotel នៅឯប្រទេសសិង្ហបុរី ដើម្បីជប់លៀងថ្ងៃខួបកំណើតកម្សាន្តសប្បាយជាមួយមិត្តភក្តិ។ ប៉ុន្តែក្រោយមកទៀតក៏មានបុគ្គលិកចូលទៅសម្អាតបន្ទប់របស់នាង ហើយបានឃើញម្សៅលាបក្លៀករបស់នាង ទើបពួកគេបានរាយការណ៍ដំណឹងនេះទៅមន្ត្រីប៉ូលីសភ្លាមៗ។

នាង Sharonia និងក្រុមមិត្តភក្តិមិនបានដឹងរឿងអ្វីនោះទេ រហូតដល់មានក្រុមប៉ូលីសបានមកគោះទ្វារ និងទម្លុះចូលបន្ទប់ពួកនាងតែម្ដង។ រឿងដែលកាន់តែវែងឆ្ងាយមួយទៀតគឺនៅត្រង់ថា ដំបូងឡើយនាងមិនដឹងថាប៉ូលីសចាប់ខ្លួននាងព្រោះតែរឿងម្សៅលាបក្លៀកនោះទេ។ ព្រោះមុននឹងមានប៉ូលីសមកចាប់ក្រុមពួកគេ មានមិត្តរបស់នាង ២នាក់ បានជាប់គន្លិះក្នុងបន្ទប់ទឹក ហើយពួកគេក៏បំផ្លាញទ្វារកញ្ចក់របស់បន្ទប់ទឹកនោះទើបអាចចេញមកក្រៅបាន។ ដូច្នេះនាងគិតស្មានថាប៉ូលីសប្រហែលជាមកនិយាយរឿងបែកទ្វារបន្ទប់ទឹក ប៉ុន្តែប៉ូលីសបានវាយខ្នោះពួកគេហើយបញ្ជូនទៅប៉ុស្តិ៍ក្រោម “បទឧក្រិដ្ឋ” ព្រោះថាគ្រឿងញៀនគឺជាទោសឧក្រិដ្ឋនៅទីនោះ។
ក្រោយមកបាន ១៤ម៉ោង នាងក៏ត្រូវបានដោះលែង ហើយប៉ូលីសក៏បានប្រាប់ពួកគេថា ប៉ូលីសទទួលបានបណ្ដឹងពីសណ្ឋាគារដែលនាងបានស្នាក់នៅ ទើបពួកគេសម្រេចចិត្តដាក់ខ្នោះពួកនាង និងមិត្តភក្តិ។ លុះមកដល់សណ្ឋាគារដើម្បីមកប្រមូលអីវ៉ាន់វិញ បុគ្គលិកនៅទីនោះបានត្រឹមតែនិយាយពាក្យសុំទោស ប៉ុន្តែនៅតែមិនភ្លេចរឿងទារថ្លៃសំណងបែកទ្វារកញ្ចក់បន្ទប់ទឹកដដែល។ ក្រោយមកបន្ទាប់ពីធ្វើការតវ៉ាទៅខាងសេវាកម្មអតិថិជនពីដំណើររឿង នាងក៏បានសងសំណងទៅខាងសណ្ឋាគារគ្រប់ចំនួន។ យ៉ាងណាក៏ដោយនាងមិនសប្បាយចិត្តនឹងទង្វើទាំងនេះទេ នាងថែមទាំងបានសរសេររឿងរ៉ាវនាងលើវេបសាយ TripAdvisor ទៀតផង៕



អត្ថបទ៖ លីដា