ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សត្វកូឡាដែលស្ត្រីម្នាក់ខំរត់ទៅជួយពីភ្លើងឆេះព្រៃនៅអូស្ត្រាលី ពេលនេះបានស្លាប់បាត់បង់ជីវិតហើយ ដោយសាររបួសធ្ងន់ធ្ងរពេក

    BY autoadmin November 26, 2019
    សត្វកូឡាដែលស្ត្រីម្នាក់ខំរត់ទៅជួយពីភ្លើងឆេះព្រៃនៅអូស្ត្រាលី ពេលនេះបានស្លាប់បាត់បង់ជីវិតហើយ ដោយសាររបួសធ្ងន់ធ្ងរពេក

    កូឡាដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើអ៊ីនធឺណេត បន្ទាប់ពីត្រូវបានស្ត្រីម្នាក់រត់ទៅជួយសង្គ្រោះពីភ្លើងឆេះព្រៃនៅអូស្រ្តាលី ពេលនេះបានស្លាប់ហើយ បន្ទាប់ពីវាមិនអាចជាសះស្បើយពីការរលាកយ៉ាងធ្ងន់ធ្ងរនោះបាន។ សត្វកូឡាដែលមានឈ្មោះថា Lewis (ដាក់តាមឈ្មោះចៅរបស់ស្ត្រីដែលបានរត់ដោះអាវទៅជួយវា) ត្រូវបានគេនាំទៅកាន់មន្ទីរពេទ្យសត្វមួយកាលពីសប្តាហ៍មុន បន្ទាប់ពីស្ត្រីម្នាក់នោះបានសង្គ្រោះវាពីភ្លើងឆេះព្រៃនៅរដ្ឋ New South Wales ។ ខ្សែវីដេអូដ៏រំជួលចិត្តនៃការជួយសង្គ្រោះរបស់អ្នកស្រី Toni Doherty ដោយប្រើអាវរបស់គាត់រុំលើកូនកូឡាចេញពីភ្លើង ត្រូវបានគេចែកចាយមើលពេញទូទាំងពិភពលោក ហើយគ្រប់គ្នាតែងតែចង់ដឹងដំណឹងពីស្ថានភាពរបស់ Lewis ។

    ក្រុមបសុពេទ្យដែលព្យាយាមព្យាបាលឱ្យ Lewis ក៏ដូចជាសត្វកូឡាផ្សេងទៀតនៅឯ Koala Hospital Port Macquarie បាននិយាយថា ពួកគេសម្រេចចាក់ថ្នាំឱ្យ Lewis គេងលក់ជារៀងរហូត (ស្លាប់) ក៏ព្រោះថា Lewis មិនអាចជំនះស្ថានភាពរបស់វាបាន ថ្វីបើជាធម្មតាការរលាកត្រូវធ្លាក់ក្នុងសភាពយ៉ាប់យ៉ឺនមុនពេលជាសះវិញក៏ដោយ។ ក្រុមបសុពេទ្យត្រូវតែរើសយកវិធីឱ្យវាគេងជារៀងរហូត ព្រោះនេះជាវិធីដែលធ្វើឱ្យ Lewis ឬសត្វកូឡាដទៃទៀតគ្មានការឈឺចាប់តទៅទៀត។ ហើយមុនពេលដែលពួកគេសម្រេចបែបនេះ គឺសុទ្ធតែមានការឯកភាពគ្នា ព្រោះវាជាតួនាទីរបស់ពួកគេក្នុងការសង្គ្រោះជីវិតសត្វ។ រំលឹកដែរថា Lewis ត្រូវបានស្ត្រីម្នាក់ជួយសង្គ្រោះពីភ្លើងឆេះព្រៃនៅ NSW ដោយសារគាត់បាឮសំឡេងកូនកូឡានេះយំ។ គាត់មិនដែលដឹងថាសត្វកូឡាចេះយំទេពីមុនមក គ្រាន់តែដឹងថាពេលដែលគាត់ឮសំឡេងវាហើយ គាត់មានអារម្មណ៍ថាខ្លោចចិត្តយ៉ាងខ្លាំង៕

    អត្ថបទ៖ លីដា

    Share This Post: