អស់ទាស់! យកនាវាតម្លៃជិត៣លានដុល្លារ រត់ពន្ធគ្រឿងញៀនតម្លៃជាង១០០លានដុល្លារ ត្រូវប៉ូលិសចាប់បាននៅអេស្ប៉ាញ
អេស្ប៉ាញ៖ ប៉ូលិសអេស្ប៉ាញទើបតែបំបែកក្តីរត់ពន្ធគ្រឿងញៀនដ៏ធំមួយមិនធ្លាប់មានពីមុនមកដោយឈ្មួញបានប្រើប្រាស់សុទ្ធតែនាវាមុជទឹកខ្នាតតូចដើម្បីនាំយកគ្រឿងញៀនទាំងនោះពីប្រទេសកូឡុំប៊ីទៅកាន់តំបន់អឺរ៉ុប។ ប៉ូលិសអេស្ប៉ាញបានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា គ្រឿងញៀនដែលគេរឹបអូសយកមកពីនាវាមុជទឹកមួយនេះគឺជាគ្រឿងញៀនប្រភេទកាកូអ៊ីនមានទម្ងន់សរុបជាង ៣ តោន និងមានតម្លៃជាទឹកប្រាក់ប្រមាណជា ១២១ លានដុល្លារអាមេរិក។ ប៉ូលិសបានរកឃើញទៀតថា នាវាមុជទឹកមួយនេះបានធ្វើដំណើរចេញពីប្រទេសកុំឡុំប៊ីដោយបើកកាត់ក្រោមសមុទ្រអាត្លង់ទិកក្នុងចម្ងាយ ៧ ៦៩០ គីឡូម៉ែត្ររួចហើយ ទម្រាំដល់ចំណុចដែលគេចាប់បាននេះ។

ក្រុមអ្នកជំនាញផ្នែកនាវាមុជទឹកបានបញ្ជាក់ថា នាវាដែលជនខិលខូចប្រើប្រាស់រត់ពន្ធគ្រឿងញៀននេះជាប្រភេទនាវាខ្នាតតូច មានកម្ពស់ ១៩,៨ ម៉ែត្រ និងមានតម្លៃជាមធ្យម ២,៧ លានដុល្លារអាមេិរក។ ក្នុងប្រត្តិការណ៍បង្ក្រាបខាងលើនេះគេបានចាប់ខ្លួនបុរស ៣ នាក់ ក្នុងនោះពីរនាក់ជាជនជាតិអេក្វាឌ័រ និងម្នាក់ទៀតជាជនជាតិអេស្ប៉ាញ។ រហូតមកទល់នឹងពេលនេះប៉ូលិសកំពុងបន្តបើកការស៊ើបអង្កេតបន្ថែមទៀតព្រោះគេជឿថា អ្នកដែលនៅពីក្រោយរឿងនេះគឺជាអ្នកមានលុយ និងអំណាចបំផុត ទើបអាចយកសុទ្ធតែនាវាតម្លៃរាប់លានដុល្លារមកប្រើសម្រាប់រត់ពន្ធគ្រឿងញៀនដូចនេះ៕
អត្ថបទ៖ភក្តី






