បុរសម្នាក់ធុញទ្រាន់នឹងការស្ទះផ្លូវពេក ក៏សម្រេចចិត្តដំឡើងឧទ្ធម្ភាគចក្រផ្ទាល់ខ្លួនជិះលើអាកាសវិញ
នរណាៗក៏ស្អប់ការស្ទះចរាចរណ៍ដែរ ជាពិសេសនៅពេលដែលអ្នកកំពុងប្រញាប់ប្រញាល់ចង់ទៅទីណាមួយ។ ហើយវាអាចធ្វើឱ្យអារម្មណ៍យើងមួម៉ៅភ្លាមៗ នៅពេលយើងឃើញផ្លូវស្ទះទាំងឆ្វេងទាំងស្ដាំ ចង់ទៅមុខមិនរួចទៅក្រោយវិញមិនបាន។ ប៉ុន្តែយ៉ាងណាក៏ដោយរឿងនេះមិនមែនមានតែនៅប្រទេសយើងនោះទេ ប្រទេសជាច្រើនមិនថា ក្នុងតំបន់អាស៊ាន ឬនៅលើពិភពលោកភាគច្រើនសុទ្ធតែប្រឈមបញ្ហានេះ ប្រសិនបើកំណើនរថយន្ត និងម៉ូតូមានច្រើន ហើយប្រជាជនគ្មានទម្លាប់ជិះសេវាកម្មដឹកជញ្ជូនសាធារណៈ ដើម្បីកាត់បន្ថយការស្ទះចរាចរណ៍ទេនោះ។

ជាក់ស្ដែងដូចបុរសម្នាក់នេះ ដែលគាត់មានឈ្មោះថា Jujun Junaedi ជាជនជាតិឥណ្ឌូនេស៊ី ដោយសារធុញនឹងការស្ទះផ្លូវខ្លាំងពេក គាត់ក៏បានចាប់ផ្ដើមសាងសង់ឧទ្ធម្ភាគចក្រផ្ទាល់ខ្លួនតែម្ដង។ គាត់បាននិយាយថា ស្ទះចរាចរណ៍វាមិនត្រឹមតែគួរឱ្យធុញទ្រាន់ទេ ប៉ុន្តែវាក៏ជាការខ្ជះខ្ជាយសាំង និងពេលវេលាផងដែរ! ដូច្នេះហើយគាត់បានចំណាយប្រាក់រហូតដល់ទៅ ៨,៨៨៥ រីងហ្គីត ឬ ២,១២៧ដុល្លារអាមេរិក ដើម្បីទិញគ្រឿងបន្លាស់មួយចំនួន មកដំឡើងជាឧទ្ធម្ភាគចក្រ។ តម្លៃគ្រឿងបន្លាស់នេះអាចនិយាយថា ថ្លៃគួរសម ប៉ុន្តែគាត់បានបន្ថែមថា ឱ្យតែហោះបានគាត់សុខចិត្តនឹងប្តូរ។ គំនិតរបស់គាត់អាចនិយាយបានថា ពិតជាមានភាពច្នៃប្រតិដ្ឋ ហើយសង្ឃឹមថាគាត់ទទួលជោគជ័យលើកិច្ចប្រឹងប្រែងនេះ។
ប៉ុន្តែអ្វីដែលអ្នកត្រូវដឹងគឺថា គ្រប់គ្នាមិនមែនស្ទះក្នុងចរាចរណ៍នោះទេ គឺពួកយើងហ្នឹងហើយជាចរាចរណ៍ធ្វើឱ្យមានការស្ទះផ្លូវ!



អត្ថបទ៖ លីដា