ញាក់សាច់! រថយន្តអគ្គិសនី Cybertruck របស់ Tesla នឹងចូលរួមជារថយន្តប៉ូលិសនៅឌូបៃ
កងកម្លាំងប្រដាប់អាវុធនៅក្នុងក្រុងឌូបៃប្រទេសអារ៉ាប់រួមត្រូវបានគេមើលឃើញថា ជាកងកម្លាំងមួយដែលប្រើប្រាស់សុទ្ធតែរថយន្តទំនើបៗ និងមានតម្លៃថ្លៃៗក្នុងការធ្វើប្រតិបត្តិការណ៍ផ្សេងៗរបស់ប៉ូលិសព្រហ្មទណ្ឌ ប៉ូលិសចរាចរណ៍ ឬប្រើប្រាស់ក្នុងក្បួនរថយន្តផ្សេងៗជាដើម។ បើយោងតាមសារព័ត៌មាន Engadget បានចុះផ្សាយថា ប៉ូលិសនៅក្រុងឌូបៃនឹងជ្រើសរើសយករថយន្ត ភីកអាប់ ដើរដោយថាមពលអគ្គិសនីស៊េរីថ្មីរបស់ក្រុម Tesla ទៅប្រើប្រាស់ក្នុងប្រតិបត្តិការណ៍ការងាររបស់ពួកគេផងដែរ។
បើតាមលោកឧត្តមសេនីយ Abdullah Khalifa Al Marri អគ្គមេបញ្ជាការប៉ូលិសប្រចាំក្រុងឌូបៃបានប្រាប់អ្នកសារព័ត៌មានថា រថយន្ត ភីកអាប់ cybertruck ដើរដោយថាមពលអគ្គិសនីរបស់ក្រុមហ៊ុន Tesla នឹងជួយពន្លឿនការងារ និងបន្ថែមប្រសិទ្ធភាពទៅលើប្រតិបត្តិការណ៍របស់ប៉ូលិសបានមួយកម្រិតទៀតជាពិសេសនៅតាមតំបន់ទេសចរណ៍តែម្តង ព្រោះតែរូបរាង ល្បឿន និងការសន្សំសំចៃលើប្រេងសាំងរបស់រយន្តទំនើបនេះតែម្តង។ គួររម្លឹកជូនថា ក្រុមហ៊ុន Tesla ទើបតែដាក់បង្ហាញនូវរថយន្ត ភីកអាប់ ដើរដោយថាមពលអគ្គិសនីមួយប្រភេទមានរាងជ្រុងៗខ្ពស់ ហើយបើយោងតាមការគ្រោងទទុករបស់ក្រុមហ៊ុន រថយន្តប្រភេទនេះនឹងចេញលក់ជាផ្លូវការនៅដើមឆ្នាំក្រោយនេះហើយ៕

អត្ថបទ៖ ភក្តី