ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តំបន់បេតិកភណ្ឌពិភពលោក Hallstatt ដ៏ល្បីល្បាញរបស់ប្រទេសអូទ្រីស រងការវាយប្រហារយ៉ាងដំណំដោយអគ្គិភ័យដ៏ធំមួយ

    BY autoadmin December 2, 2019
    តំបន់បេតិកភណ្ឌពិភពលោក Hallstatt ដ៏ល្បីល្បាញរបស់ប្រទេសអូទ្រីស រងការវាយប្រហារយ៉ាងដំណំដោយអគ្គិភ័យដ៏ធំមួយ

    របាយការណ៍បានឱ្យដឹងថា យ៉ាងហោចណាស់មានអគារចំនួន ៤ ត្រូវបានខូចខាតយ៉ាងខ្លាំង ដោយសារអគ្គិភ័យមួយបានឆាបឆេះក្នុងទីក្រុងទេសចរណ៍តាមបណ្តោយបឹង Hallstatt ដែលជាតំបន់បានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកដោយយូណេស្កូ នៅក្នុងប្រទេសអូទ្រីស កាលពីថ្ងៃសៅរ៍ថ្មីៗនេះ។ អគ្គិភ័យបានឆាបឆេះនៅក្នុងខ្ទមឈើមួយ ហើយបន្ទាប់មកបានរាលដាលទៅរោងមួយផ្សេងទៀត និងអគារលំនៅដ្ឋានចំនួនពីរនៅក្នុងទីក្រុង។ លោក Johannes Pichler អ្នកពន្លត់អគ្គីភ័យស្ម័គ្រចិត្តនៅ Hallstatt បានប្រាប់កាសែតប្រចាំថ្ងៃ Kronen Zeitung ថា៖ “ដោយសារ Hallstatt ត្រូវបានសាងសង់កៀកជាប់គ្នា ផ្ទះនៅជាប់នោះក៏រងការខូចខាតផងដែរ”។

    អ្នកពន្លត់អគ្គីភ័យម្នាក់បានរងរបួស ខណៈពេលកំពុងទប់ទល់នឹងអគ្គិភ័យនេះ ប៉ុន្តែអ្នកស្រុកបានរត់គេចខ្លួនដោយសុវត្ថិភាព។ នៅក្នុងអគ្គិភ័យនេះមានការចូលរួមប្រតិបត្តិការពីរថយន្តពន្លត់អគ្គិភ័យចំនួន ៨គ្រឿង និងអ្នកពន្លត់អគ្គិភ័យចំនួន ១០៩នាក់ ។ អគ្គិភ័យនេះបានកើតឡើងនៅម៉ោងប្រមាណ ៣ និង ៣០នាទី ទៀបភ្លឺ (ម៉ោងក្នុងស្រុក) ចំណែកមូលហេតុកំពុងស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ។ អ្វីដែលគួរឱ្យសោកស្ដាយគឺថា Hallstatt គឺជាទិសដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់ប្រទេសអូទ្រីស ដោយមានភ្ញៀវទេសចរជាង ១លាននាក់ ជារៀងរាល់ឆ្នាំ ជាពិសេសមកពីអាស៊ី។ មិនតែប៉ុណ្ណឹងទេ! នៅថ្ងៃខ្លះមានមនុស្សរហូតដល់ទៅ ១០,០០០នាក់ បានទៅលេងទីក្រុងនោះទៀតផង៕

    អត្ថបទ៖ លីដា

    Share This Post: