ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោកតាជនជាតិជប៉ុនម្នាក់ត្រូវបានចាប់ខ្លួន ដោយសារតេទៅរំខានខាងសេវាអតិថិជនរហូតដល់ ២៤,០០០ដង

    BY autoadmin December 4, 2019
    លោកតាជនជាតិជប៉ុនម្នាក់ត្រូវបានចាប់ខ្លួន ដោយសារតេទៅរំខានខាងសេវាអតិថិជនរហូតដល់ ២៤,០០០ដង

    មន្ត្រីប៉ូលីស និងប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថា សោធនិកជនជាតិជប៉ុនម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីគាត់បានទូរស័ព្ទទៅក្រុមហ៊ុនមួយ សរុបរហូតដល់ទៅ ២៤,០០០ដង ដើម្បីប្តឹងថា ពួកគេបានរំលោភកិច្ចសន្យារបស់គាត់។ ប៉ូលីសនៅទីក្រុងតូក្យូបាននិយាយថា ពួកគេបានចាប់ខ្លួនលោកតា Akitoshi Okamoto ដែលមានអាយុ ៧១ឆ្នាំ ទៅមន្ទីរឃុំឃាំងកាលពីសប្តាហ៍មុន បន្ទាប់ពី ៨ថ្ងៃ ចុងក្រោយនេះ គាត់បានធ្វើការទូរស័ព្ទ (ឥតគិតថ្លៃសេវា) រាប់ពាន់ដង ទៅកាន់ផ្នែកសេវាអតិថិជនរបស់ប្រតិបត្តិករទូរស័ព្ទដ៏ធំ KDDI ។

    ក្រុមហ៊ុន KDDI ក៏បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា លោកតាគាត់បានទូរស័ព្ទម្តង ហើយម្តងទៀត ហើយតាមសេវាទូរស័ព្ទសាធារណៈក៏មានដែរ ក្នុងរយៈពេលសរុប ២ឆ្នាំកន្លះ កន្លងមកនេះ។ អ្នកនាំពាក្យប៉ូលីសបាននិយាយថា គាត់បានទាមទារឱ្យបុគ្គលិកក្រុមហ៊ុន KDDI មកជួបគាត់ដើម្បីសុំទោសចំពោះការរំលោភកិច្ចសន្យារបស់គាត់។ គាត់តែងតែទូរស័ព្ទម្តង ហើយម្តងទៀតភ្លាមៗ បន្ទាប់ពីដាក់ទូរស័ព្ទចុះ។ ហើយគាត់តែងបង្ហាញការមិនពេញចិត្តលើក្រុមហ៊ុន និងជេរប្រមាថបុគ្គលិកសេវាកម្មអតិថិជនទៀតផង។ យ៉ាងណាមិញពេលនេះគាត់ត្រូវចាប់ខ្លួនហើយ ពីបទធ្វើឱ្យរាំងស្ទះដល់អាជីវកម្មក្រុមហ៊ុន ទោះបីជាគាត់បានប្រកែកថា គាត់គឺជាជនរងគ្រោះក្នុងរឿងនេះក៏ដោយ៕

    អត្ថបទ៖ លីដា

    Share This Post: