ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សត្វក្របីរាប់ពាន់ក្បាលត្រូវបានគេសម្លាប់យ៉ាងសាហាវ ក្នុងពិធីសាសនាបូជាជីវិតសត្វដ៏ធំបំផុតមួយ ដែលប្រារព្ធឡើងនៅឯប្រទេសនេប៉ាល់

    BY autoadmin December 4, 2019
    សត្វក្របីរាប់ពាន់ក្បាលត្រូវបានគេសម្លាប់យ៉ាងសាហាវ ក្នុងពិធីសាសនាបូជាជីវិតសត្វដ៏ធំបំផុតមួយ ដែលប្រារព្ធឡើងនៅឯប្រទេសនេប៉ាល់

    ថ្មីៗនេះអ្នកគោរពបូជាសាសនាហិណ្ឌូនៅប្រទេសនេប៉ាល់ បានសម្លាប់ក្របីរាប់ពាន់ក្បាលនៅក្នុងពិធីសាសនាមួយ ដែលជាពិធីមានការលះបង់ជីវិតសត្វដ៏ធំបំផុតរបស់ពិភពលោក។ បើយោងតាម Daily Mail ឱ្យដឹងថា ពិធីសាសនានេះមានរយៈពេល២ថ្ងៃ ហើយគិតត្រឹមថ្ងៃអង្គារ៍ ដែលត្រូវជាថ្ងៃទី១ នៃពិធីបុណ្យ មានសត្វក្របីចំនួន ៣,៥០០ក្បាលហើយ ដែលត្រូវបានគេកាប់សម្លាប់ទាំងរស់។ មិនថាមានកិច្ចខិតខំប្រឹងប្រែងពីសកម្មជន និងមន្រ្តី ដើម្បីការពារកុំឱ្យមានការសម្លាប់សត្វយ៉ាងរង្គាលបែបណាក៏ដោយ ក៏ពិធីនេះនៅតែអាចប្រារព្ធឡើងបាន។ កាលពីឆ្នាំ២០១៤ ក៏មានសត្វក្របីចំនួន ២០០,០០០ក្បាល ត្រូវបានគេសម្លាប់នៅក្នុងពិធីសាសនា ដែលមានឈ្មោះថា “Gadhimai Festival” នេះដែរ ហើយវាកំពុងតែបង្កជាកង្វល់ដល់សកម្មជនសិទ្ធិសត្វកាន់តែខ្លាំងឡើងៗ។

    ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធធ្វើឡើង ដើម្បីគោរពដល់អាទិទេពហិណ្ឌូ Gadhimai ហើយវាបានចាប់ផ្តើមនៅភូមិ Bariyarpur នាព្រឹកព្រលឹមជាមួយនឹងពិធីមួយដែលគេហៅថា “pancha bali” ដែលជាពិធីមានការសម្លាប់សត្វពពែ កណ្តុរ មាន់ ជ្រូក និងព្រាប។ បន្ទាប់មកទៀតនឹងមានពិធីមួយទៀត ដែលចូលរួមដោយអ្នកកាប់សាច់ប្រហែល ២០០នាក់ មានដៃកាន់ដាវ និងកាំបិតជាប់ខ្លួន ហើយដើរចូលទៅក្នុងវាលមួយធំដូចតារាងបាល់។ ហើយនៅក្នុងវាលដ៏ធំនោះគឺមានពោរពេញដោយសត្វក្របីរាប់ពាន់ក្បាល ដែលត្រូវត្រៀមសម្រាប់ឱ្យមនុស្សសម្លាប់នៅក្នុងពិធីសាសនានេះតែម្ដង។

    គួរឱ្យដឹងដែរថា វាជាពិធីដែលរៀបចំឡើងរៀងរាល់ ៥ឆ្នាំម្ដង ហើយបើទោះបីជាមានការកាត់បន្ថយពីចំនួនរាប់សែនមកនៅត្រឹមរាប់ពាន់ក្បាល ក៏ក្រុមអ្នកសិទ្ធិសត្វមិនពេញចិត្តនឹងទង្វើសាហាវព្រៃផ្សៃបែបនេះទេ ពោលគឺពួកគេចង់ឱ្យបញ្ឈប់ពិធីនេះតែម្ដង។ យ៉ាងណាក៏ដោយបើតាមសម្តីរបស់គណៈកម្មាធិការរៀបចំពិធីបុណ្យបានឱ្យដឹងថា ការពិតទៅពួកគេព្យាយាមហាមឃាត់មិនឱ្យមានពិធីសម្លាប់សត្វនេះតទៅទៀតដែរ ប៉ុន្តែសម្រាប់អ្នកជឿងប់លើសាសនា ហាមពួកគេយ៉ាងណាក៏មិនស្ដាប់នោះដែរ ហើយពួកគេបានត្រឹមតែកាត់បន្ថយចំនួនសត្វតែប៉ុណ្ណឹង៕

    អត្ថបទ៖ លីដា

    Share This Post: