រដ្ឋាភិបាលថៃកំពុងរងការរិះគន់យ៉ាងចាស់ដៃ បន្ទាប់ពីពួកគេហូបស៊ុបព្រុយត្រីឆ្លាមនៅក្នុងពិធីជួបជុំមួយ
ពិធីជួបជុំគ្នាសម្រាប់ក្រុមអ្នកគាំទ្ររដ្ឋាភិបាល ដែលធ្វើឡើងនៅសណ្ឋាគារបាងកកកាលពីយប់ថ្ងៃអង្គារ បានទទួលការរិះគន់យ៉ាងខ្លាំងពីក្រុមអភិរក្ស និងអ្នកសិក្សា បន្ទាប់ពីត្រូវបានគេរកឃើញថា នៅក្នុងពិធីនោះមានបម្រើស៊ុបត្រីឆ្លាម។ មុខម្ហូបដែលបានរៀបចំសម្រាប់សមាជិកសភារដ្ឋាភិបាលរួមមាន៖ ឌីមសាំ ត្រីចំហុយនៅក្នុងទឹកស៊ីអ៊ីវ ស៊ុបព្រុយត្រីឆ្លាម គុយទាវជាមួយបង្គាទន្លេ និងឆាបន្លែ។ ក្រុមអភិរក្ស និងអ្នកសិក្សាស្រាវជ្រាវបានចោទប្រកាន់រដ្ឋាភិបាលពីការព្រងើយកណ្តើយទាក់ទងនឹងបញ្ហាបរិស្ថាន ដោយចង្អុលបង្ហាញថា ការជួបជុំនេះបានកើតឡើងមួយថ្ងៃមុនថ្ងៃទិវាបរិស្ថានថៃ។

អ្នករិះគន់មួយរូបគឺលោក Sak-anan Plathong បានសរសេរនៅលើទំព័រ Facebook របស់លោកថា មេដឹកនាំរដ្ឋាភិបាលប្រហែលជាមិនបានដឹងអំពីបញ្ជីមុខម្ហូបនោះទេ រួមមានស៊ុបព្រុយត្រីឆ្លាម ដែលត្រូវបានជ្រើសរើសដោយមន្រ្តីដែលហាក់ដូចជាមិនយកចិត្តទុកដាក់ចំពោះយុទ្ធនាការជាសកល ដែលកំពុងបន្តប្រឆាំងនឹងការបរិភោគព្រុយត្រីឆ្លាម។ ទោះយ៉ាងណាលោកថា រដ្ឋាភិបាលមិនអាចជៀសផុតពីការស្តីបន្ទោសបានទេ ព្រោះពួកគេគួរតែពិនិត្យបញ្ជីមុខម្ហូបជាមុន។ គួរឱ្យដឹងដែរថា នៅក្នុងពិធីជួបជុំនោះមានអ្នកចូលរួមដូចជា លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា, ឧបនាយករដ្ឋមន្រ្តីលោក ប្រាវីត វង់ស៊ូវ៉ាន់ និង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Anupong Paochinda ជាដើម ដែលសុទ្ធតែជាក្រុមគាំទ្ររដ្ឋាភិបាលថៃ៕


អត្ថបទ៖ លីដា