ការស៊ើបអង្កេតមួយបង្ហាញថា ក្មេងស្រីប៉ាគីស្ថានជាង ៦០០នាក់ត្រូវបានលក់ឱ្យធ្វើជាកូនក្រមុំបុរសជនជាតិចិន
ក្រុមអ្នកស៊ើបអង្កេតនៅក្នុងប្រទេសប៉ាគីស្ថានបានរកឃើញភ័ស្តុតាងបង្ហាញថា ក្មេងស្រី និងស្ត្រីប៉ាគីស្ថានជាង ៦០០នាក់ ត្រូវបានគេលក់ជាកូនក្រមុំទៅឱ្យបុរសជនជាតិចិន ហើយបន្ទាប់មកត្រូវបានគេនាំទៅប្រទេសចិន។ ប៉ុន្តែយ៉ាងណាវាហាក់ដូចជាប៉ូលីសគ្មានមធ្យោបាយអ្វី ដើម្បីបញ្ឈប់ការជួញដូរមនុស្សនោះទេ។ យោងតាមសារព័ត៌មាន Associated Press បានឱ្យដឹងថា ពួកគេទទួលបានបញ្ជីឈ្មោះនារីក្មេងៗចំនួន ៦២៩នាក់ ដែលត្រូវបានគេបញ្ជូនធ្វើជាកូនក្រមុំទៅប្រទេសចិន ហើយភាគច្រើនគឺក្នុងចន្លោះឆ្នាំ២០១៨ និងខែមេសា ឆ្នាំ២០១៩ តែម្ដង។

បញ្ជីនេះគឺជាផ្នែកមួយនៃការស៊ើបអង្កេតរបស់ប៉ូលីសប៉ាគីស្ថាន ដែលមានភាពយឺតយ៉ាវដោយសារសម្ពាធពីមន្ត្រីរដ្ឋាភិបាល ក៏ព្រោះថាពួកមន្ត្រីរដ្ឋាភិបាលខ្លាចការនេះវាធ្វើឱ្យខូចទំនាក់ទំនងជាមួយចិន និងប៉ះពាល់ក្រុមអ្នកលេងដែលចូលដៃក្នុងរឿងនេះ។ ម៉្យាងដោយសារតែនៅក្នុងប្រទេសចិនមានគោលនយោបាយគ្រួសារមួយមានកូនម្នាក់ និងមានការរំលូតកូនស្រី ឬមិនចង់បានកូនស្រីផងនោះ វាធ្វើឱ្យប្រទេសនេះមានតែកូនប្រុស។ ពោលគឺប្រទេសនេះមានមនុស្សប្រុសច្រើនជាងមនុស្សស្រីរហូតដល់ទៅ ៣០លាននាក់ ដែលធ្វើឱ្យការរៀបការជាមួយកូនក្រមុំបរទេសក្លាយទៅជារឿងមួយដែលស្ទើរតែធម្មតាទៅហើយ។
ចំណែកស្ត្រីដែលត្រូវបានគេលក់ទាំងនេះ ច្រើនតែត្រូវបានវាយដំ ចាប់រំលោភ និងត្រូវបានគេយកទៅប្រទេសចិនតាមប្ដីរបស់ពួកគេ ហើយហាមមិនឱ្យទាក់ទងគ្រួសាររបស់ពួកនាងនៅឯផ្ទះនោះទេ។ ក្នុងករណីប្រទេសប៉ាគីស្ថាននេះ ក្រុមគ្រួសារក្រីក្រនៃជនជាតិភាគតិចកាន់សាសនាគ្រីស្ទ ត្រូវបានគេកំណត់គោលដៅជាពិសេស។ មន្ត្រីម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មាន AP ថា ឈ្មួញកណ្តាលចិន និងប៉ាគីស្ថានអាចរកប្រាក់បានពី ៤លាន ទៅ ១០លានរូពី (២៥,០០០ដុល្លារ និង ៦៥,០០០ដុល្លារ) ពីកូនកំលោះ ខណៈដែលគ្រួសារនារីរងគ្រោះទទួលបានតែ ២០០,០០០រូពី (១,៥០០ ដុល្លារ) ប៉ុណ្ណោះ៕



អត្ថបទ៖ លីដា