ទីក្រុងហុងកុងជាប់លេខ១ ជាទីក្រុងអ្នកទស្សនាច្រើនជាងគេលើលោក ទោះបីជាមានវិបត្តិក្នុងស្រុករាប់ខែហើយក្ដី
ទីក្រុងហុងកុងកំពុងជាប់ជាទីក្រុងដែលមានអ្នកទស្សនាច្រើនបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០១៩ (2019 Euromonitor Top 100 City Destinations) ទោះបីជាទីក្រុងនេះមានវិបត្តិដោយសារការប្រឆាំងនឹងរដ្ឋាភិបាលដ៏ធំចាប់តាំងពីខែមិថុនាក៏ដោយ។ ទីក្រុងនេះមានភ្ញៀវទេសចរជាង ៥០% មកពីប្រទេសចិនដីគោក ហើយបូករួមការដើរទិញឥវ៉ាន់ដ៏រស់រវើក និងបេតិកភណ្ឌវប្បធម៌រឹងមាំ វាបានជួយទាក់ទាញភ្ញៀវទេសចរជិត ២៧លាននាក់ ឱ្យចូលមកទស្សនាទីក្រុងនៅឆ្នាំនេះ។ ទីក្រុងហុងកុង ក៏ជាទីក្រុងដែលមានអ្នកទស្សនាច្រើនបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០១៧ និង ២០១៨ ផងដែរ។

ការព្យាករណ៍ចំនួន ២៦.៧លាននាក់នេះ ការពិតវាជាការធ្លាក់ចុះ ៨.៧% ចាប់តាំងពីឆ្នាំ២០១៨ ដោយសារលទ្ធផលនៃការតវ៉ានៅក្នុងទីក្រុង ប៉ុន្តែយ៉ាងណាវានៅតែគ្មានទីក្រុងណាវ៉ាដាច់នៅឡើយក្នុងរយៈពេល ៣ឆ្នាំជាប់គ្នានេះ។ ម្យ៉ាងទៀតទីក្រុងនៅអាស៊ីជាច្រើនសុទ្ធតែជាប់ក្នុងចំណាត់ថ្នាក់ទាំង ១០០ នៃរបាយការណ៍ប្រចាំឆ្នាំនេះ ដែលក្នុងនោះទីក្រុងរបស់អាស៊ីបានជាប់រហូតដល់ទៅ ៤៣ ទីក្រុងឯណោះ។ យោងតាម Euromonitor បានឱ្យដឹងថា ទីក្រុងនានានៃទ្វីបនេះកំពុងតែមានការរីកចម្រើនយ៉ាងឆាប់រហ័សទាក់ទងនឹងការមកដល់របស់អន្តរជាតិ។
សម្រាប់នៅអឺរ៉ុបវិញ ទីក្រុងឡុងដ៍ស្ថិតនៅលំដាប់ទី៥ ជាមួយនឹងការរំពឹងទុកនៃការមកដល់របស់ភ្ញៀវ ១៩.៦លាននាក់ នៅឆ្នាំនេះ។ ទីក្រុងប៉ារីសឈរនៅចំណាត់ថ្នាក់ទី៦ ជាមួយអ្នកទស្សនា ១៩លាននាក់ ខណៈដែលទីក្រុងអ៊ីស្តង់ប៊ុល ស្ថិតនៅលេខ៩ ជាមួយនឹងភ្ញៀវទេសចរចំនួន ១៤.៧លាននាក់ នៅឆ្នាំនេះ។ នៅក្នុងមជ្ឈឹមបូព៌ាវិញ គឺមានតែមួយគត់នៅលើគេ គឺទីក្រុងឌូបៃ ដោយមានការរំពឹងថា នឹងមានភ្ញៀវមកដល់ ១៦.៣លាននាក់ នៅឆ្នាំ២០១៩។ គ្មានទីក្រុងអាមេរិកខាងជើងណាមួយដែលលេចធ្លោនៅក្នុងលំដាប់កំពូលទាំង ១០ នោះទេ ហើយសូម្បីតែទីក្រុងញូវយ៉កក៏ជាប់ចំណាត់ថ្នាក់លេខ ១១ ជាមួយនឹងភ្ញៀវទេសចរណ៍ជាង ១៤លាននាក់។











អត្ថបទ៖ លីដា