ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វេជ្ជបណ្ឌិតជប៉ុនដែលបានជួយនាំទឹកស្អាត និងសង់មន្ទីរពេទ្យដល់អាហ្វហ្គានីស្ថាន ត្រូវបានសម្លាប់ដោយខ្មាន់កាំភ្លើងមិនស្គាល់មុខ

    BY autoadmin December 7, 2019
    វេជ្ជបណ្ឌិតជប៉ុនដែលបានជួយនាំទឹកស្អាត និងសង់មន្ទីរពេទ្យដល់អាហ្វហ្គានីស្ថាន ត្រូវបានសម្លាប់ដោយខ្មាន់កាំភ្លើងមិនស្គាល់មុខ

    ប្រជាជនជប៉ុន និងអាហ្វហ្គានីស្ថាន ក៏ដូចជាពិភពលោកទាំងមូលកំពុងមានការសោកស្ដាយជាពន់ពេក បន្ទាប់ពីលោកគ្រូពេទ្យ Tetsu Nakamura ដែលជាស្ថាបនិកនៃអង្គការក្រៅរដ្ឋាភិបាល សេវាកម្មវេជ្ជសាស្រ្តជប៉ុនដើម្បីសន្តិភាព (Peace Japan Medical Services) ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃពុធប៉ុន្មានថ្ងៃមុននេះ។ លោកគ្រូពេទ្យវ័យ ៧៣ឆ្នាំ ដែលមានដើមកំណើតនៅក្រុង Fukuoka ប្រទេសជប៉ុនម្នាក់នេះ ត្រូវបានពួកខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅពេលដែលគាត់កំពុងធ្វើដំណើរទៅបំពេញភារកិច្ច ហើយវាពិតជាធ្វើឱ្យពិភពលោក ជាពិសេសប្រជាជនអាហ្វហ្គានីស្ថាន មានការសោកស្ដាយយ៉ាងខ្លាំង ក៏ព្រោះថាគាត់គឺជាអ្នកមានគុណដែលនាំយកទឹកស្អាតជូនអ្នកភូមិនៅទីនោះ ក៏ដូចជាសង់មន្ទីរពេទ្យ និងធ្វើកិច្ចការដែលនាំមកនូវក្ដីសង្ឃឹមជូនអ្នកនៅទីនោះជាច្រើនផ្សេងទៀត។

    លោកគ្រូពេទ្យ Tetsu Nakamura ត្រូវបានខ្មាន់កាំភ្លើងបាញ់ចំទ្រូងខាងស្ដាំ ហើយគាត់បានស្លាប់មុនពេលដែលត្រូវផ្ទេរទៅកាន់មូលដ្ឋានពេទ្យយោធាអាមេរិក នៅ Bagram ខេត្ត Parwan របស់អាហ្វហ្គានីស្ថាន។ មរណភាពរបស់លោកគ្រូពេទ្យបានកើតឡើងនៅថ្ងៃដដែល ដែលក្រសួងការបរទេសបានប្រកាសថា ប្រេសិតសន្តិភាពអាហ្វហ្គានីស្ថានរបស់ខ្លួនគឺ Zalmay Khalilzad បានវិលត្រឡប់មករកកិច្ចពិភាក្សាឡើងវិញជាមួយក្រុមសកម្មប្រយុទ្ធឥស្លាមតាលីបង់។ ហើយការស្លាប់របស់គាត់ក៏ត្រូវបានគេសង្ស័យថា ជាគម្រោងទុកជាមុន។ លោកគ្រូពេទ្យតែងតែជួយដល់ជនរងគ្រោះនៅតំបន់ព្រំដែនដែលខ្វះខាត ហើយថែមទាំងធ្លាប់ទទួលបានរង្វាន់លើកិច្ចខិតខំប្រឹងប្រែងរបស់គាត់ផងដែរកាលពីឆ្នាំ២០០៣។ ប៉ុន្តែយ៉ាងណាពេលនេះវាគួរឱ្យសោកស្ដាយខ្លាំងណាស់ ដែលលោកគ្រូពេទ្យបានចែកឋានទៅ មិនអាចនៅមើលថែអ្នកជំងឺក្រីក្រជាច្រើន ដែលនៅក្នុងតំបន់ព្រំដែនអាហ្វហ្គានីស្ថាន-ប៉ាគីស្ថានទៀតបាន៕

    អត្ថបទ៖ លីដា

    Share This Post: