ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកតវ៉ាជិត ៨០០,០០០នាក់ បានបង្ហាញខ្លួនសារជាថ្មី ដើម្បីគម្រប់ខួប ៦ខែ នៃការតវ៉ាប្រឆាំងរដ្ឋាភិបាលហុងកុង

    BY autoadmin December 9, 2019
    អ្នកតវ៉ាជិត ៨០០,០០០នាក់ បានបង្ហាញខ្លួនសារជាថ្មី ដើម្បីគម្រប់ខួប ៦ខែ នៃការតវ៉ាប្រឆាំងរដ្ឋាភិបាលហុងកុង

    សង្កាត់ពាណិជ្ជកម្មរបស់ហុងកុង ត្រូវបានជន់លិចដោយហ្វូងបាតុកររហូតដល់ជិត ៨០០,០០០នាក់ កាលពីថ្ងៃអាទិត្យ ទី៨ ខែធ្នូ ម្សិលមិញនេះ ដែលជាថ្ងៃមួយនៃការប្រារព្ធខួប ៦ខែ នៃការចាប់ផ្តើមការតវ៉ាដែលកំពុងបន្ត ដែលមានចាប់តាំងពីថ្ងៃទី០៩ ខែមិថុនា មកម៉្លេះ។ អ្នករៀបចំរណសិរ្សសិទ្ធិមនុស្សស៊ីវិលប៉ាន់ស្មានថា មានមនុស្សជិត ៨០០,០០០នាក់ បានដើរក្បួនពីឧទ្យាន Victoria នៅ Causeway Bay រហូតដល់ផ្លូវ Chater នៅកណ្តាលទីក្រុង។ ការដើរក្បួននេះក៏ដើម្បីរំលឹកទិវាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅថ្ងៃអង្គារ ស្អែកនេះផងដែរ។

    រំលឹកដែរថានាថ្ងៃទី០៩ ខែមិថុនា ប្រជាជនប្រមាណ ១លាននាក់ បានចេញដើរក្បួនតាមដងផ្លូវ ដើម្បីប្រឆាំងសេចក្តីព្រាងច្បាប់ស្តីពីការធ្វើបត្យាប័នរបស់រដ្ឋាភិបាល។ ហើយចាប់តាំងពីពេលនោះមកការតវ៉ាបានបន្ត ធ្វើឱ្យមានចលនាប្រឆាំងនឹងរដ្ឋាភិបាល ក៏ដូចជាមានការប៉ះទង្គិចរវាងប៉ូលីស និងក្រុមបាតុករ។ រហូតមកដល់ពេលនេះយ៉ាងហោចណាស់មានមនុស្ស ៦,០០០នាក់ ត្រូវបានចាប់ខ្លួនពីបទសង្ស័យពាក់ព័ន្ធនឹងការតវ៉ាចាប់តាំងពីការចាប់ផ្តើមនៃភាពចលាចល។ ការហែក្បួននៅថ្ងៃអាទិត្យអាចនឹងបន្តដល់ថ្ងៃច័ន្ទនេះ ដោយសារការធ្វើបាតុកម្មកាន់តែច្រើន ដើម្បីរំខានទីក្រុងត្រូវបានគ្រោងទុក៕

    អត្ថបទ៖ លីដា

    Share This Post: