លោក ដូណាល់ ត្រាំ និយាយថា បើលោកប្រធាន គីម ចេះខ្លាំងពេកនោះ គាត់នឹងបាត់បង់គ្រប់យ៉ាង
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានមេដឹកនាំកូរ៉េខាងជើងថា លោក គីម ជុងអ៊ុន នឹងបាត់បង់អ្វីៗទាំងអស់ ប្រសិនបើលោកធ្វើតាមរបៀបអមិត្តជាមួយអាមេរិកបែបនេះ។ លោក ត្រាំ បានសរសេរនៅលើគណនីធ្វីតទ័រ (twitter) កាលពីថ្ងៃអាទិត្យថា៖ “លោកប្រធាន គីម ជុងអ៊ុន ឆ្លាតពេក ហើយឆ្ងាយពេក ដែលនឹងមានការបាត់បង់ច្រើនណាស់…បើគាត់ហានធ្វើអំពើអរិភាព”។ លោកប្រធានាធិបតីបានបន្ថែមទៀតថា ក្រោមការដឹកនាំរបស់លោក គីម ប្រទេសកូរ៉េខាងជើង “មានសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង ប៉ុន្តែប្រទេសនេះត្រូវតែលុបបំបាត់ចោលនុយក្លេអ៊ែតាមការសន្យា”។

គួរឱ្យដឹងដែរថាប្រទេសកូរ៉េខាងជើងបានប្រកាសនៅថ្ងៃអាទិត្យនេះថា ខ្លួនបានធ្វើការសាកល្បងនូវការធ្វើតេស្តដ៏មានសារៈសំខាន់មួយ នៅឯស្ថានីយ៍បង្ហោះផ្កាយរណបសូហ៊ែ (Sohae Satellite Launching Ground) ប៉ុន្តែយ៉ាងណាវាមិនប្រាកដទេថា ជាមីស៊ីល ឬជាផ្កាយរណប ហើយសហរដ្ឋអាមរិកគឺមិនសប្បាយចិត្តនោះទេ។ ការប្រកាសរបស់កូរ៉េខាងជើងអាចត្រូវបានគេមើលឃើញថា ជាការបង្ហាញថាខ្លួននឹងបន្តបាញ់សាកល្បងមីស៊ីលឡើងវិញ ទោះបីជាកិច្ចចរចារវាងអាមេរិក-កូរ៉េខាងជើងនៅតែបន្ដជាប់គាំងក៏ដោយ។ ចំណែករដ្ឋមន្រ្តីការពារជាតិលោក Mark Esper ក៏បាននិយាយជាមួយ Fox News កាលពីថ្ងៃអាទិត្យដែរថា អាមេរិកអាចឈ្នះភ្លាមមួយរំពេច ប្រសិនបើធ្វើសង្គ្រាមជាមួយកូរ៉េខាងជើង ប៉ុន្តែពួកគេនៅតែទទួលយកកិច្ចចរចាជានិច្ច៕

អត្ថបទ៖ លីដា