“មហាវិនាសកម្មទាំង ៥” ដែលធ្លាប់កើតមាននៅលើភពផែនដីយើងនេះ ជាង ៧៥% ភាគរយនៃអម្បូរសត្វ និងរុក្ខជាតិចម្លែកៗត្រូវបានបំផ្លិចបំផ្លាញ ព្រមទាំងបាត់បង់រហូតមកទល់សព្វថ្ងៃនេះ
- January 15, 2020
ក្រុមជីវវិទូនៅតែមានមន្ទិលសង្ស័យថា មនុស្សលោកទាំងឡាយកំពុងរស់នៅក្នុងស្ថានការណ៍មួយដែលពួកយើងទាំងអស់គ្នាមិនចង់ដឹង មិនចង់ឮ និងជាពិសេសក៏មិនចង់ជួបប្រទះនោះដែរ ដោយវាគឺជាមហាវិនាសកម្មដ៏ធំបំផុតរបស់ពិភពលោកលើកទី៦។ មានមនុស្សមួយចំនួនក៏បានដឹងស្រាប់ហើយថា ផែនដីដែលយើងកំពុងរស់នៅមួយនេះធ្លាប់បានជួបប្រទះនូវមហាវិនាសកម្មចំនួន ៥លើក រួចមកហើយ ដែលពេលនោះជាង ៧៥% ភាគរយនៃអម្បូរសត្វ និងរុក្ខជាតិចម្លែកៗត្រូវបានបំផ្លិចបំផ្លាញ ព្រមទាំងបាត់បង់រហូតមកទល់សព្វថ្ងៃនេះ។

លោក Rolf Schmidt ដែលជាអ្នកស្រាវជ្រាវផ្នែកផូស៊ីលប្រចាំនៅសារមន្ទីរ ម៉េលប៊ន របស់អូស្ត្រាលីបានលើកឡើងថា “ពួកយើងនៅតែរកមិនឃើញពីមូលហេតុពិតប្រាកដ ថាតើអ្វីដែលបង្កឱ្យកើតមានឡើងនូវមហន្តរាយដ៏អាក្រក់ទាំងនោះមកលើភពផែនដីយ៉ាងដូច្នេះនោះ ប៉ុន្តែភាគច្រើនត្រូវបានគេអះអាងថា វាបណ្តាលមកពីបម្រែបម្រួលអាកាសធាតុនៅក្នុងកម្រិតមួយដ៏ធ្ងន់ធ្ងរ។”
ខាងក្រោមនេះជាព្រឹត្តិការណ៍នីមួយៗដាច់ដោយឡែកពីគ្នាស្តីអំពីសោកនាដកម្មរបស់ផែនដីដែលបានកើតឡើងនៅក្នុងអតីតកាលរាប់រយលានឆ្នាំមុន៖


១. អ័រដូវីស្សិន (Ordovician) គឺជាព្រឹត្តិការណ៍នៃវិនាសកម្មលើកទី១ដែលបានកើតឡើងកាលពីអំឡុង ៤៤៤លានឆ្នាំមុន និងបានបន្សល់ទុកនូវការបាត់បង់ប្រមាណជា ៨៦% នៃប្រភេទសត្វសមុទ្រ ជាពិសេសគឺពពួកប្លង់តុងទឹកជ្រៅ Graptolite ដែលមានប្រវែងចន្លោះពី ២-៣សង់ទីម៉ែត្រ។ អម្បូរសត្វ Graptolite ក៏មិនខុសអីពីជីវិតសត្វសមុទ្រមួយចំនួនទៀតដែរ គឺពួកវាចូលចិត្តរស់នៅក្នុងទឹកសមុទ្រជ្រៅៗ។ ពួកវាជាសត្វដែលស៊ីកាកសំណល់ផ្សេងៗជាអាហារ និងរស់នៅបែបប្រមូលផ្តុំគ្នាជាក្រុមនៅទីតាំងណាមួយជាក់លាក់។ ជាអកុសល ពួកវាបានផុតពូជប្រមាណជាជាង ១លានឆ្នាំមុនបាត់ទៅហើយ ដែលនេះប្រហែលបណ្តាលមកពីបាតុភូតធម្មជាតិនៃយុគទឹកកកដែលធ្វើឱ្យនីវ៉ូទឹកសមុទ្រធ្លាក់ចុះក្នុងរយ:ពេលខ្លីណាមួយជាក់ជាមិនខាន។


២. ព្រឹត្តិការណ៍ ឌីវ៉ូនៀន (Devonian) បានកើតឡើងក្នុងអំឡុង ៣៧៥លានឆ្នាំមុន ដោយបន្សល់ទុកនូវការបាត់បង់ជីវិតប្រមាណជា ៧៥% ដែលក្នុងនោះក៏រួមមាននូវចំពូកសត្វ Trilobites ដែលជាទូទៅមានប្រវែងប្រមាណជា ៥សង់ទីម៉ែត្រ។ ពពួកសត្វ Trilobites ត្រូវបានគេសិក្សានិងរកឃើញថាមានបរិមាណច្រើនក្រៃលែងក្នុងចំណោមសត្វទាំងពួងដែលមានវត្តមាននៅក្នុងអំឡុង ៥៥០លានឆ្នាំមុន។ អ្វីដែលធ្វើឱ្យពពួកសត្វសមុទ្រទាំងនោះមានសុវត្ថិភាពក្នុងការរស់នៅនោះគឺខ្លួនប្រាណរបស់វាទាំងមូលត្រូវបានគ្របដណ្តប់ និងការពារដោយស្បែកដែលមានដុះជ្រោងច្រាងជាមួយនឹងបន្លាមុតស្រួច ដោយទាំងនេះអាចចាត់ទុកបានថាជាអាវក្រោះដ៏រឹងមាំបាន។ ក្រុមពួកវានេះបានរួចផុតពីវិនាសកម្មលើកទី១ ប៉ុន្តែស្ទើតែផុតពូជទាំងស្រុងទៅហើយនៅក្នុងព្រឹត្តិការណ៍មហន្តរាយលើកទី២នេះ។


៣. ភើមៀន (Permian) គឺជាមហាវិនាសកម្មលើកទី៣ ដែលបានកើតឡើងនាអំឡុង ២៥១លានឆ្នាំមុន ហើយបានបន្សល់ទុកនូវការបាត់បង់ជីវិតប្រមាណជា ៩៦% ដែលក្នុងនោះក៏មានចំពូកផ្កាថ្ម Tabulate ផងដែរ ហើយជាទូទៅវាមានប្រវែង ៥សង់ទីម៉ែត្រ។ ភើមៀន ត្រូវបានគេស្គាល់ថាជា “សោកនាដកម្មនៃការបាត់បង់ជីវិតដ៏ធំបំផុតមួយ” នេះដោយសារតែវាជាព្រឹត្តិការណ៍នៃការសម្លាប់ផុតពូជដ៏អាក្រក់បំផុតមិនធ្លាប់មានពីមុនមក និយាយរួមទៅ វាស្ទើតែបានបញ្ចប់គ្រប់ភាវរស់ទាំងអស់ដែលមានជីវិតនៅលើផែនដីយើងនេះ។ ប្រភេទផ្កាថ្ម Tabulate ត្រូវបានផុតពូជអស់ទៅហើយនៅក្នុងសម័យកាលមួយនេះ។



៤. ទ្រីអាស៊ីក (Triassic) ជាមហាវិនាសកម្មលើកទី៤ ដែលបានចាប់កំណើតឡើងនាអំឡុង ២០០លានឆ្នាំមុន និងបានបន្សល់ទុកនូវការបាត់បង់ជីវិតប្រមាណជា ៨០% ដែលក្នុងនោះរួមមានចំពូកត្រីអន្ទង់ Conodont ប្រវែង ១មីលីម៉ែត្រ ផងដែរ។ ក្រុមអ្នកជំនាញផ្នែកផូស៊ីល មានការភាន់ភាំងជាខ្លាំងទៅលើអម្បូរនៃបំណែកគ្រោងឆ្នឹងមួយចំនួនដែលមានទ្រង់ទ្រាយជាធ្មេញ ដោយយល់ខុសថាពួកវាជាប្រភេទលាស ឬគ្រំសមុទ្រ ប៉ុន្តែតាមការសិក្សាស្រាវជ្រាវក្រោយៗមកទៀត ទើបក្រុមអ្នកជំនាញអះអាងថាពួកវាជាផូស៊ីលរបស់ត្រីអន្ទង់គ្មានថ្គាមមួយប្រភេទដែលមានឈ្មោះថា Conodont teeth ។


៥. ព្រឹត្តិការណ៍ គ្រីថេស្សឺស (Cretaceous) ដែលគេស្គាល់ថាមហាវិនាសកម្មទី៥ និងបានផ្ទុះឡើងនាអំឡុង ៦៦លានឆ្នាំមុន បានបន្សល់ទុកនូវការបាត់បង់ជីវិត ៧៦% ដែលក្នុងនោះរួមមានចំពូកខ្យង Ammonite ជាទូទៅមានប្រវែង ១៥សង់ទីម៉ែត្រឯណោះ។ Ammonite គឺជាខ្យងមួយប្រភេទដែលមានសណ្ឋានដូចជាមឹកបំពង់ ហើយវាមានសមត្ថភាពអាចជ្រមុជទឹកទៅរកទីជ្រៅដើម្បីចាប់ចំណីបានយ៉ាងងាយបំផុត។ នៅក្នុងយុគសម័យនោះផងដែរ ពពួកដាយណូស័រ អាចត្រូវបានគេចាត់ទុកថាជាម្ចាស់ដែនដីគោកទាំងមូល ប៉ុន្តែសម្រាប់ដែនទឹកសមុទ្រវិញ វាត្រូវបានកាន់កាប់ដោយពពួកខ្យង Ammonites ។ អ្វីៗមិនទៀងទាត់ សកម្មភាពភ្នំភ្លើង និងបម្រែបម្រួលអាកាសធាតុបានផ្លាស់ប្តូរស្ថានភាពរបស់ខ្យង Ammonites ឱ្យធ្លាក់ក្នុងសភាពតានតឹង។ យ៉ាងណាមិញ ផលប៉ះពាល់ពីអាចម៍ផ្កាយក៏បានប្រល័យជីវិតអម្បូរដាយណូស័រផងដែរ។ ទីបញ្ចប់ អ្នកដែលនៅរស់រានមានជីវិត និងក្លាយជាម្ចាស់ផែនដីគឺមានតែពពួកខ្យង Ammonites ដែលនៅសេសសល់តិចតួចប៉ុណ្ណោះ៕
ប្រភព៖ cosmosmagazine
- Share This Post:






